ខេត្តឧត្តរមានជ័យ៖ ថកងទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កើនផល- ចិញ្ចឹមសត្វ និងការធ្វើយុទ្ធដំណើរទ័ព នៅវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ ចំណុះកងពលធំអន្តរាគមន៍លេខ២ ។
ឯកឧត្ដម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានធ្វើការវាយតម្លៃ ចំណុចខ្លាំង និងចំណុចខ្សោយ ហើយបានកោតសសេីរដល់អង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តតាមផែនការប្រលងប្រណាំង បង្កបង្កេីនផលរបស់ថ្នាក់លេី ហេីយបន្ទាប់ពីការងារស្នូលកម្លាំងនៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កេីនផលដេីម្បីធានាដល់កំរិតជីវភាពរស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាពបានយ៉ាងល្អប្រសេីរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកំរិតបន្ថែមទៀត។
ទន្ទឹមនឹងសមិផលនិងស្នាដៃកសាងនេះ ឯកឧត្តម មេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារហ្វឹកហាត់រៀនសូត្រ បន្ទាប់ពីបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដេីម ដំណាំគុម្ព និង ដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានានិងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសដើម្បីអភិវឌ្ឍន៍អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួជាទីមោទនៈ ៕