ខេត្តមណ្ឌលគីរី ៖ មន្ត្រីអង្គការ ក្រៅ រដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរីបានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្ត មណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី សង្ស័យគ្មាន ឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នោះទេ ។
ទើប បណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និង បក្ខពួកធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញ ព្រៃឈើ ដឹកជញ្ជួនចេញពីចំណុចស្រែប៊ូម ភូមិ រ៉ាយោង ឃុំ ប៊ូស្រា ស្រុកពេជ្រដា ដឹកតាម ប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកវៀតណាម តាមច្រក ទ្វេភាគីព្រំដែនណាំលា និងច្រកដាក់ដាំ យ៉ាងរំភើយ ដោយមិនរំខានសមត្ថកិច្ច ជំនាញពាក់ព័ន្ធក្នុងខេត្ត មណ្ឌលគីរី រក្សា ភាព ស្ងៀមស្ងាត់ ។
ប្រការនេះ កំពុង ធ្វើឲ្យព្រៃឈើក្នុងតំបន់ ព្រៃ ការពារ ព្រៃ អភិរក្ស ព្រៃ សហគមន៍ ក្នុង ស្រុក កោះ ញ៉ែ ក ស្រុក ពេជ្រា ដា ស្រុក កែវ សីមា ចៀស មិន ផុត ពី សេចក្ដី វិនាស សាប សូន្យ នៅក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ឡើយ ។
តាម ប្រភព ពី មន្ត្រី ពាក់ព័ន្ធ នៅ ច្រក ទ្វេភាគី ព្រំដែន ណាំ លា ច្រក ដាក់ ដាំ ខេត្ត មណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ជិត ១ សប្ដាហ៍ កន្លងទៅ នេះ ឈ្មួញ ជាច្រើន នាក់ បាន សម្រុក ដឹកជញ្ជូន ឈើ ប្រណីត និង ឈើ ប្រភេទ លេខ១ពីចំណុចស្រែប៊ូម ក្នុង ស្រុក កោះ ញែក ស្រុក ពេជ្រា ដា ចេញ ទៅ ស្រុក យួន តាម ច្រក ណាំ លា យ៉ាងគំហុក ។
សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅ ស្រុកវៀតណាមគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅបានយ៉ាងរលូន ។
ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែន ដាក់ដាំ ស្រុក អូររាំងកំពុងរងការរិះគន់ថាសម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើ ទៅ ស្រុកវៀតណាមយ៉ាងត្រជាក់ចិត្ត ។
ប្រភពពីមន្ត្រីនៅច្រកណាំលាបានប្រាប់ឲ្យដឹង ទៀតថាឈ្មួញដែលធ្វើសកម្មភាព ដឹកជញ្ជូន ឈើទៅស្រុកវៀតណាម យ៉ាងគឃ្លើន នៅពេលនេះ គឺឈ្មួញ ឈ្មោះ រិទ្ធ និងគូរកន របស់ឈ្មួញដែលសុទ្ធតែជាឈ្មួញមាន ខ្នងបង្អែក គ្រាក់ៗ ។
ទោះជា យ៉ាងណា បើ គ្មានការបើកបារ៉ាស់ពីសំណាក់លោកនាយប៉ុស្តិ៍ នគរបាល អន្តោប្រវេសន៍ ច្រកទ្វេភាគីព្រំដែនណាំលាទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីវៀតណាម តាម អំពើ ចិត្តបានដែរ ។
ប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មានការដឹកជញ្ជូនឈើព្រៃ ខុសច្បាប់ជារៀងរាល់ថ្ងៃរាល់យប់បំពងសំឡេងរំខានដល់ពួកគាត់ពុំមានសមត្ថកិច្ចឬអាជ្ញាធរណាមករវល់ឬទប់ស្កាត់ក្នុងការបង្ក្រាប។
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុង ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រដា ស្រុក កោះញែក អំពាវនាវ ដល់នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើ ផ្ទៃ ប្រទេស និង ជា ប្រធាន គណៈកម្មការ ថ្នាក់ជាតិដើម្បីទប់ស្កាត់ បទល្មើស ព្រៃឈើ ធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចពិតជាវិនាសអស់ ហើយក្រោមស្នាដៃមេឈ្មួញឈ្មោះរិទ្ធនិង បក្សពួកឈ្មួញជាក់ជាពុំខាន ៕