កីឡាករចំបាប់កម្ពុជា ស៊ូ បាលី នៅមានឱកាសឈ្នះមេដាយសំរឹទ្ធជើងឯកពិភពលោក និងអាចមានឈ្មោះចូលប្រកួតកីឡាអូឡាំពិក នៅបារាំង ២០២៤ !!!

ភ្នំពេញ ៖ ម្ចាស់មេដាយមាសចំបាប់ស៊ីហ្គេម ២០២៣ កីឡាករជម្រើសជាតិកម្ពុជា ស៊ូ បាលី កំពុងស្វះស្វែងឱកាសល្អៗ ក្នុងការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២៣ នៅប្រទេសស៊ែរប៊ី ដោយស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ និងនៅមានឱកាសមានឈ្មោះចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារំាង នាឆ្នាំ២០២៤។

លោក ខេស៊ី បាណេត ប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលកំពុងដឹកនាំកីឡាករ ស៊ូ បាលី ចូលរួមប្រកួតកីឡាចំបាប់ជើងឯកពិភពលោក នៅប្រទេសស៊ែរប៊ីបានគូសបញ្ជាក់មកថា កីឡាករកម្ពុជា ស៊ូ បាលី បានប្រកួតចាញ់កីឡាករ Geno Petriashvili មកពីប្រទេសហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ឆ្នាំ២០២០ នៅប្រទេសជប៉ុន ក្នុងលទ្ធផលបច្ចេកទេស ៩ទល់៣ កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ស៊ូ បាលី ជាំកីឡាករចំបាប់របស់កម្ពុជាបានទទួលសិទ្ធិ ក្នុងការប្រកួតលើកទីពីរ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ កីឡាករ ស៊ូ បាលី នៅតែមានឱកាសឈ្នះមេដាយសំរឹទ្ធ ឬជាប់ចំណាត់ថ្នាក់កំពូលទាំង៥ ដើម្បីមានឱកាសមានឈ្មោះទៅប្រកួតកីឡាអូឡាំពិក នៅទីក្រុងបារីស ប្រទេសបារាំង នាឆ្នាំ២០២៤ខាងមុខ។

លោក ខេស៊ី បាណេត បានសង្កត់ធ្ងន់ថា លទ្ធផលប្រកួតរបស់ស៊ូ បាលី ជាមួយនឹងកីឡាករហ្ស៊កហ្ស៊ី ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក គឺជាលទ្ធផលមួយមិនអាក្រក់នោះទេ គឺកម្ពុជាធ្វើបានលទ្ធផលល្អគ្រាន់បើ ដោយសារកម្ពុជាបានប៉ះប្រកួតដំបូងជាកីឡាករខ្លាំង ក្នុងប្រភេទកីឡាអូឡាំពិក ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក។

លោកបានអះអាងថា នេះជាលើកទីមួយហើយដែលកីឡាករចំបាប់កម្ពុជាបានចូលរួមប្រកួតជើងឯកពិភពលោក ហើយតាមរយៈការចូលរួមកម្រិតពិភពលោកជាលើកដំបូងនេះនឹងកសាងកំណត់ត្រាថ្មីៗ សម្រាប់ឱកាសក្នុងកម្រិតពិភពលោក នាពេលខាងមុខទៀត។ គួរបញ្ជាក់ថា កីឡាករកម្ពុជា ស៊ូ បាលី នឹងត្រូវបន្តប្រកួតនៅវេលាម៉ោង ៣:៣៨នាទី (ម៉ោងនៅកម្ពុជា) ល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយកីឡាកររុស្ស៊ី Kurannov លើប្រភេទទម្ងន់ ១២៥គីឡូក្រាម៕ ដោយ៖ ហេង ណាលីន

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *