សហរដ្ឋអាមេរិកចំណាយពេលអស់២០ឆ្នាំ និងលុយ៨៣ពាន់លានដុល្លារ, អាហ្វហ្កានីស្ថាននៅតែដួលរលំក្រោមដៃតាលីបង់ តើមានអំពើពុករលួយក្នុងជួរកងទ័ពមែនទេ?

វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិកចំណាយពេលអស់២០ឆ្នាំ និងលុយ៨៣ពាន់លានដុល្លារ, អាហ្វហ្កានីស្ថាននៅតែដួលរលំក្រោមដៃតាលីបង់ តើមានអំពើពុករលួយក្នុងជួរកងទ័ពមែនទេ?

2021-08-17 07:34pm

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ធ្លាប់បាននិយាយកាលពីខែកក្កដាកន្លងទៅថា រដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងមិនដួលរលំឡើយ ដ្បិតកងទ័ពអាហ្វហ្កានីស្ថានមានចំនួនច្រើន និងមានសព្វាវុធគ្រប់គ្រាន់ល្អប្រសើរជាងក្រុមតាលីបង់។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះឆ្លើយតបទៅនឹងអ្នកសារព័ត៌មានម្នាក់ដែលសួររូបលោកថា តើការឡើងកាន់អំណាចសាជាថ្មីរបស់ក្រុមតាលីបង់ គឺជារឿងដែលចៀសមិនរួចមែនទេ?

មួយខែក្រោយមក កងទ័ពអាហ្វហ្កានីស្ថានស្រាប់តែដួលបាស់ជើង និងបាត់បង់ការគ្រប់គ្រងទឹកដីស្ទើរតែទាំងស្រុង ដោយមិនបានតស៊ូច្បាំងតទល់ជាមួយក្រុមតាលីបង់ នោះទេ ហើយសូម្បីតែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក រួមទាំងមេទ័ពអាមេរិកជាច្រើននាក់ក៏មិននឹកស្មានដល់ថា រដ្ឋាភិបាលកាប៊ុលដួលរលំលឿនរហ័សបែបនេះដែរ។ ក្រុមតាលីបង់បានចូលដល់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅនេះ ហើយបច្ចុប្បន្នកំពុងត្រៀមឡើងកាន់អំណាចម្ដងទៀតនៅអាហ្វហ្កានីស្ថាន។
សហរដ្ឋអាមេរិក និងអង្គការ NATO បានចំណាយប្រាក់រាប់ពាន់លានដុល្លារ ដោយគ្រាន់តែអាមេរិកម្នាក់ឯងចាយរហូតដល់ ៨៣ពាន់លានដុល្លារ ក្នុងរយៈពេលជាង២០ឆ្នាំ មកនេះដើម្បីជួយបណ្ដុះបណ្ដាលបំពាក់បំប៉នកងទ័ពអាហ្វហ្កានីស្ថាន។ ប៉ុន្តែហេតុអ្វីអាហ្វហ្កានីស្ថាននៅតែដួលរលំ? តើហេតុអ្វីបានជាយោធាអាហ្វហ្កានីស្ថានមិនប្រយុទ្ធ តស៊ូដើម្បីបញ្ឈប់ក្រុមតាលីបង់?
* កងទ័ពបាក់ទឹកចិត្ត
គេថាទ័ពតិច ឬច្រើនមិនសំខាន់ សំខាន់នៅត្រង់មានទឹកចិត្តច្បាំងដែរឬទេ? យោធាអាហ្វហ្កានីស្ថានក្នុងពេលជាង២០ឆ្នាំមកនេះពឹងផ្អែកគ្រប់យ៉ាងលើសហរដ្ឋអាមេរិក ទាំងខាងស៊ើបការណ៍សម្ងាត់, ភស្តុភារ, ការវាយប្រហារតាមផ្លូវអាកាស, ការរៀបចំផែនការ និងវិធីសាស្ត្រដទៃទៀតក្នុងការតស៊ូប្រយុទ្ធជាមួយតាលីបង់សុទ្ធតែពឹងលើ អាមេរិក។ ដូច្នេះហើយទើបការសម្រេចចិត្តរបស់លោក ចូ បៃដិន ដកកងទ័ពអាមេរិក បានធ្វើឱ្យកងទ័ពអាហ្វហ្កានីស្ថានបាក់ទ័ពដោយពួកគេមានអារម្មណ៍ថា ត្រូវបានអាមេរិក បោះបង់ចោល។
យោធាអាហ្វហ្កានីស្ថានម្នាក់ធ្លាប់បានប្រាប់កាសែត Washington Post ថាកងទ័ព និងប្រជាជនអាហ្វហ្កានីស្ថានជាច្រើនមើលឃើញថា ការដកកងទ័ពក្រោមកិច្ចព្រមព្រៀង ធ្វើឡើងដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយតាលីបង់ កាលពីខែកុម្ភៈ ឆ្នាំ២០២០ គឺជាទីបញ្ចប់ ហើយថាសហរដ្ឋអាមេរិកបានទុកចោល កងទ័ពអាហ្វហ្កានីស្ថានមិនរវល់។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាស្រាហ្វ ហ្កានី (Ashraf Ghani) បានរំពឹងថាលោក ចូ បៃដិន អាចនឹងសង្រ្គោះរដ្ឋាភិបាលរបស់ លោកកុំឱ្យដួលរលំ។ ប៉ុន្តែកាលពីខែមេសាកន្លងទៅ លោក បៃដិន ផ្ទាល់បានប្រកាសថាកងទ័ពអាមេរិក ៣,០០០នាក់ ដែលនៅសេសសល់ក្នុងប្រទេសអាហ្វហ្កានីស្ថាន នឹងត្រូវដកចេញទាំងអស់ឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ (ថ្ងៃខួបមហាភេវកម្ម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១)។ មិនមែនមានត្រឹមតែកងទ័ពអាមេរិកទេដែលត្រូវ ដកចេញ កងទ័ពបក្សសម្ព័ន្ធ NATO ជាង៨,០០០នាក់ និងអ្នកម៉ៅការ (អ្នកទទួលគម្រោងពីផ្នែកយោធាអាមេរិក) ជាង១៨,០០០នាក់ ដែលកងទ័ពអាហ្វហ្កានីស្ថាន ពឹងផ្អែកសម្រាប់ប្រតិបត្តិការកងទ័ពអាកាស និងការគាំទ្រ ផ្នែកភស្តុភារបស់ពួកគេក៏ត្រូវដកចេញផងដែរ។
 

ពិតមែនទៅ មានតែកងកម្ម៉ង់ដូរពិសេសអាហ្វហ្កានីស្ថានតែប៉ុណ្ណោះ បានតស៊ូប្រយុទ្ធជាមួយពួកតាលីបង់ដល់ទីបញ្ចប់ ខណៈកងទ័ពភាគច្រើនសុខចិត្តចុះចាញ់ដើម្បីការពារ អាយុជីវិតរបស់ខ្លួន ជាជាងត្រូវស្លាប់ដើម្បីតែបុព្វហេតុដែលគ្មានក្ដីសង្ឃឹម។

* កំហុសរបស់យោធាអាមេរិក?
ការដួលរលំយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថាន បានបង្កឱ្យមានការចោទសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងកំហុសរបស់យោធាអាមេរិក ក្នុងការបណ្ដុះបណ្ដាល កងទ័ពអាហ្វហ្កានីស្ថានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។ ការបណ្ដុះបណ្ដាលរបស់យោធាអាមេរិកត្រូវបានគេមើលឃើញមានភាពខ្វះខាតជាច្រើន ក្នុងនោះរាប់ចាប់ពី កង្វះខាតចំណេះដឹងផ្នែកភាសា និងវប្បធម៌, ផ្ដោតតែទៅលើកងទ័ព ដោយមិនសូវរវល់ពីការបណ្ដុះបណ្ដាលប៉ូលិសដែលនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខថ្នាក់តំបន់។
លើសពីនេះទៅទៀត ការបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិក គឺផ្ដោតខ្លាំងពេកលើការបង្រៀនពីបច្ចេកទេសជំនាញកងទ័ពថ្មើរជើង ហើយមិនអើពើលើជំនាញផែ្នក ភស្តុភារ, ការរៀបចំផែនការ, ការបណ្ដុះបណ្ដាល, ការបញ្ជា និងគ្រប់គ្រងដែលសុទ្ធតែត្រូវការជាចាំបាច់ក្នុងការរក្សាកម្លាំងយោធា។ ការបណ្ដុះបណ្ដាលរបស់អាមេរិកក៏ជួប ឧបសគ្គមិនអាចគ្រប់គ្រងបានផងដែរ នោះគឺវាមានជាប់ពាក់ព័ន្ធនឹងចំណេះដឹង ឬកង្វះខាតការអប់រំផ្ទាល់នៅក្នុងប្រទេសក្រីក្របំផុតមួយនៅក្នុងពិភពលោកដូចជា អាហ្វហ្កានីស្ថាន រួមទាំងការរីកសាយនៃអំពើពុករលួយ។ តួយ៉ាងមន្ត្រីអាហ្វហ្កានីស្ថានម្នាក់ក្នុងខេត្ត Kandahar បានប្រាប់ការសែត New York Times កាលពីពេលថ្មីថា «ពួកយើងកំពុងជាប់ផុងក្នុងអំពើពុករលួយ»។
បើតាមគម្រោងសិក្សាស្រាវជ្រាវមួយរបស់កាសែត Washington Post កងទ័ព និងប៉ូលិស អាហ្វហ្កានីស្ថានមានដល់ទៅជាង ៣៥២,០០០នាក់ ប៉ុន្តែមានតែ ២៥៤,០០០នាក់ ប៉ុណ្ណោះដែលមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ មេបញ្ជាការអាហ្វហ្កានីស្ថានមួយចំនួនមិនត្រឹមតែបង្កើតចំនួន «កងទ័ពខ្មោច» កិបកេងប្រាក់ខែប៉ុណ្ណោះទេ ពួកគេថែមទាំងកាត់ប្រាក់ខែ ឬស៊ីដាច់ប្រាក់ខែរបស់កងទ័ពអាហ្វហ្កានីស្ថានទៀតផង។ អំពើពុករលួយនេះឯងបានធ្វើឱ្យកងទ័ពអាហ្វហ្កានីស្ថានបាក់ទឹកចិត្ត រហូតគ្មានកម្លាំងចិត្តច្បាំង ហើយសុខចិត្តចុះចាញ់ក្រុមតាលីបង់តែម្ដង។
* តើគួរតែបន្ទោសអ្នកណា?
ក្រុមអ្នករិះគន់ជាច្រើនបានបន្ទោសទៅលើយោធាអាមេរិក ដែលទុកបណ្ដោយឱ្យកងទ័ពអាហ្វហ្កានីស្ថានពឹងផ្អែកខ្លាំងពេកលើជំនួយពីការវាយប្រហារតាមផ្លូវអាកាស និងបច្ចេកវិទ្យារបស់ខ្លួន រហូតដល់ថ្នាក់គ្មានសមត្ថភាពការពារខ្លួនឯង។ ការរិះគន់បែបនេះមិនមែនមិនមានហេតុផលនោះទេ ពោលគឺគ្រាន់តែសហរដ្ឋអាមេរិកដកកងទ័ព និងអ្នកម៉ៅការ (អ្នកទទួលគម្រោងពីផ្នែកយោធាអាមេរិក) ចេញយ៉ាងតក់ក្រហល់ កងទ័ពអាហ្វហ្កានីស្ថានបានបាត់បង់លទ្ធភាព និងសមត្ថភាពគ្រប់គ្រងដំណើរការបរិក្ខាយោធា ហើយកងទ័ពក៏ត្រូវបែកខ្ចាត់ខ្ចាយទៅទៀត។
មើលមួយភ្លែត គេក៏គួរតែបន្ទោសកងទ័ពអាហ្វហ្កានីស្ថានដែរ ដែលមិនបានតស៊ូប្រយុទ្ធជាមួយពួកតាលីបង់ ឱ្យដល់ទីបញ្ចប់។ ប៉ុន្តែសូមកុំភ្លេចថាកងទ័ពអាហ្វហ្កានីស្ថាន ច្រើនជាង ៦០,០០០នាក់ បានពលីជីវិតនៅក្នុងសង្រ្គាមជាង២០ឆ្នាំមកនេះ ហើយតួលេខនេះទៀតសោតមានចំនួនច្រើនជាងកងទ័ពអាមេរិក ២៧ដងឯណោះដែលបាន ពលីក្នុងសង្រ្គាម។ ខណៈទីប្រឹក្សាយោធាអាមេរិកជាង ៣,០០០នាក់ ស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន កងទ័ពអាហ្វហ្កានីស្ថាននៅអាចគ្រប់គ្រងទីក្រុងជាច្រើន ដូច្នេះចង់ ឬមិនចង់ ការដកកងទ័ពតក់ក្រហល់ពេករបស់សហរដ្ឋអាមេរិក ដោយសារតែនយោបាយនៅក្នុងស្រុករបស់ខ្លួនឯង វាបានបង្ហាញភាពខ្វះខាតរបស់កងទ័ពអាហ្វហ្កានីស្ថាន និងចូលរួមចំណែកនៃការដួលរលំអាហ្វហ្កានីស្ថានទៅក្នុងដៃពួកតាលីបង់។
គួរបញ្ជាក់ថា ការដួលរលំនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ត្រូវបានក្រុមអ្នកវិភាគខ្លះយល់ថាអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងការស្ដារទំនុកចិត្ត និងភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក ដែលខ្ទេចខ្ទាំក្រោមស្នាដៃលោក ដូណាល់ ត្រាំ ឡើងវិញ។ ពីព្រោះថាវានឹងបង្កឱ្យមានការសង្ស័យ ចំពោះគោលនយោបាយការបរទេស ក៏ដូចជាការប្ដេជ្ញាចិត្តការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ហើយវាក៏ជាសារមួយក្រើនរំលឹកដល់ប្រទេស ឬដែនដីដែលពឹងផ្អែក ខ្លាំងពេកលើឆត្រនុយក្លេអ៊ែរអាមេរិក ដូចជាកូរ៉េខាងត្បូង, ជប៉ុន ឬកោះតៃវ៉ាន់ជាដើម ភ្ញាក់ខ្លួនថា «មានតែខ្លួនឯងខ្លាំងទេ ទើបអ្នកផ្សេងគេព្រមជួយយើង»៕
ប្រភព ៖ Fresh News (ថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១)

You might like

Leave a Reply

Your email address will not be published. Required fields are marked *