រដ្ឋបាលក្រុងព្រះសីហនុ ដាក់គ្រឿងចក្រឈូសឆាយកែលម្អឆ្នេរព្រែកត្រែង ទុកជាឆ្នេរសាធារណៈ !!!

ក្រុងព្រះសីហនុ ៖ លោក សរ កក្កដា អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរភូមិ៣ សង្កាត់លេខ១ ធ្វើការសម្អាតឈូសឆាយឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ដើម្បីយកឆ្នេរនេះមកគ្រប់គ្រងដាក់ជាឆ្នេរសាធារណៈសម្រាប់ភ្ញៀវ ទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្ត និងជាការឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍ រីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

កាលពីពេលកន្លងមកនេះ បងប្អូនអាជីវកបាននាំគ្នាធ្វើតូប ដាក់ខ្ចុះលក់ដូរនៅតាម បណ្តោយឆ្នេរយ៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់ និងបាត់បង់សណ្តាប់ធ្នាប់ សោភណភាព អនាម័យបរិស្ថាននៅតំបន់ឆ្នេរ នៃក្រុងព្រះសីហនុ។ថ្មីៗនេះ រដ្ឋបាលក្រុងព្រះសីហនុ បានចេញសេចក្តីជូនដំណឹងលេខ ០០៨/២៣ ស.ជ.ណ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភណភាព និងអនាម័យ បរិស្ថាននៅឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ជូនដល់បង ប្អូនអាជីវកដែលបានសាងសង់រោង តូប និងដាក់ខ្ចុះចល័តមិនរៀបរយនៅលើដីឆ្នេរ សាធារណៈ ស្ថិតនៅឆ្នេរព្រែកត្រែងសង្កាត់ លេខ១ ក្រុងព្រះសីហនុ។

ព្រោះការ សាងសង់ សំណង់មិនរៀបរយរបស់បងប្អូនអាជីវកបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ ស្របពេលដែលខេត្តព្រះសីហនុ កំពុងទទួលបានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងមានភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តមានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅចុងសប្តាហ៍។ ការជូនដំណឹងរបស់រដ្ឋបាលក្រុង គឺក្នុងគោលបំណងរៀបចំឆ្នេរព្រែកត្រែងឱ្យ ក្លាយជាឆ្នេរសាធារណៈ សម្រាប់សាធារណជនមកលេងកម្សាន្តដោយមិនមានការបង់ប្រាក់ ព្រមទាំងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ មានសោភណភាព អនាម័យ បរិស្ថានកាន់តែល្អប្រសើរបន្ថែមទៀត។

លោកអភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរព្រែកត្រែងបានស្ម័គ្រចិត្ត និងចូលរួមសហការតាមការ ជូនដំណឹងរបស់រដ្ឋបាលក្រុងព្រះសីហនុ ដោយបានស្ម័គ្រចិត្តធ្វើការុះរើតូប ខ្ចុះរបស់ខ្លួន នៅតាមបណ្តោយឆ្នេរចេញ ដើម្បីទុកឆ្នេរនេះជាឆ្នេរសាធារណៈបម្រើឱ្យផលប្រយោជន៍រួម របស់យើងទាំងអស់គ្នាសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ជាការឆ្លើយតបទៅនឹងតម្រូវការ និងការចូលរួមលើកកម្ពស់សោភណភាព អនាម័យបរិស្ថានក្រុងព្រះសីហនុឱ្យកាន់តែមាន ភាពទាក់ទាញបន្ថែមទៀត និងធ្វើការកែលម្អអភិវឌ្ឍឆ្នេរដែលមានអនាម័យបរិស្ថានល្អ មាន ផាសុកភាពសម្រាប់មហាជនមកលេងកម្សាន្តដោយសេរី ដោយមិនមានការ បង់លុយ ដូចឆ្នេរនានានៅក្នុងខេត្តព្រះសីហនុ មានដូចជា ឆ្នេរអូរឈើទាល១ ឆ្នេរអូរត្រេះ ឆ្នេរជំទាវម៉ៅជាដើម។

ទន្ទឹមនោះផងដែរ លោកអភិបាលក្រុងព្រះសីហនុ ក៏បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមថែរក្សាអនាម័យ បរិស្ថានទាំងអស់គ្នានៅពេលញាំអាហាររួច ត្រូវវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវយក មកទុកដាក់ ក្នុងធុងសំរាមដែលរដ្ឋបាលក្រុងបានរៀបចំដាក់ពង្រាយនៅតាមទីតាំង បណ្តោយឆ្នេរសមុទ្រ ដើម្បីភាពស្អាតទាំងអស់គ្នា គឺមានតែការចូលរួមពីយើងទាំងអស់ គ្នានោះទេ បើពឹងផ្អែកតែលើអាជ្ញាធរមិនអាចធ្វើឱ្យទីក្រុងរបស់យើងក្លាយជាទីក្រុង ដែលមានភាពស្អាត និងបៃតងបានទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *