រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រកាសកែទម្រង់ផ្ទៃក្នុងដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័ន !!!

ភ្នំពេញ ៖ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ចាប់ផ្ដើមអនុវត្តការងារភ្លាម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសកែទម្រង់ផ្ទៃក្នុង ដោយចាប់ផ្ដើមពីការធ្វើទំនើបកម្មស្ថាប័នជាជំហានទី១។ ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងអាណត្តិទី៧នេះ ឯកឧត្តម នឹងកែទម្រង់ស្ថាប័ន ពន្លឿនរបៀបធ្វើការងារ ដើរឱ្យទាន់ទៅនឹងការវវិវត្តន៍របស់សង្គម។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា «ទី១. ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានកន្លែងធ្វើការ ទី២.ចាប់ផ្ដើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ នេះជារដ្ឋបាលទំនើបដែលយើងអាចមើលឃើញនឹងភ្នែក ចំពោះបញ្ហានេះខ្ញុំនឹងដោះស្រាយជាជំហានដំបូងជូនថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំង៧០នេះដើម្បីឱ្យគាត់មានកន្លែងធ្វើការមួយ សម្រាប់ជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួង បើសិនជាក្បាលម៉ាស៊ីនដឹកនាំរបស់ក្រសួងអត់មានកន្លែងធ្វើការ អត់មានសម្ភារ នោះវាប្រៀបបាននឹងកងពលដែលវាមានតែមេទ័ព តែវាអត់មានគណៈបញ្ជាការមួយ អ៊ីចឹងការរៀបចំកិច្ចការងារនេះជាការងារអាទិភាពដែលខ្ញុំចាប់ផ្ដើមដំបូង»។

ទំនើបកម្មស្ថាប័នមួយទៀត ពាក់ព័ន្ធទៅនឹងធនធានមនុស្សសំដៅលើការធ្វើបច្ចុប្បន្នភាពខ្លួនមន្ត្រីឱ្យស្របនឹងដំណើរវិវត្តន៍របស់សង្គមឌីជីថល ដោយសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីថល ហើយក្រសួងព័ត៌មាននឹងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងមុខងារសាធារណៈ សាលាភូមិន្ទរដ្ឋបាលដើម្បីបណ្តុះបណ្ដាលធនធានមនុស្សស្ថិតក្នុងក្របខ័ណ្ឌនៃការធ្វើទំនើបកម្មក្រសួងព័ត៌មាន។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយបានបន្ថែមថា«បើផែនការខ្ញុំល្អ តែអត់មានធនធានមនុស្សអនុវត្តក៏វាអត់ទៅរួចដែរ នេះជាចំណុចយើងត្រូវគិតទាំងអស់គ្នា ចំណុចនៃធនធានមនុស្សនេះ ខ្ញុំក៏សូមប្រកាសប្រាប់អ្នកទាំងអស់គ្នាថា គោលការណ៍នៃការដឹកនាំនៅក្នុងក្រសួងព័ត៌មាន គឺអ្នកមានសមត្ថភាពត្រូវលើកទឹកចិត្ត ហើយមិនអាចប្រើប្រាស់លុយធ្វើជាត្រីមុខដើម្បីរកមុខដំណែងទេ»៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *