តើក្រុមណាមួយ ដែលនឹងឈ្នះការចាប់ឆ្នោត ដើម្បីចូលទៅលេងក្នុងពូល K ជាមួយកម្ពុជា និងជប៉ុន?
បាល់ទាត់អន្តរជាតិ !!!
ចេញផ្សាយៈថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) នឹងធ្វើការចាប់ឆ្នោតយកក្រុមមួយ នៅក្នុងចំណោមក្រុមចំនួន៨ មកពីពូលចំនួន៤ ដើម្បីដាក់ឱ្យចូលលេងនៅក្នុងពូល K ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ និងក្រុម U23 ជប៉ុន នៅក្នុងការប្រកួតវគ្គជម្រុះ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022)។
ការកែប្រែលក្ខខណ្ឌប្រកួត ដោយតម្រូវឱ្យមានការចាប់ឆ្នោតយកក្រុមចំនួន១ មកដាល់ឱ្យចូលលេង នៅក្នុងពូលK នេះ ក៏ព្រោះតែក្រុម U23 ជម្រើសជាតិកូរ៉េខាងជើង មានការបារម្ភទៅនឹងការឆ្លងជំងឺកូវីដ១៩ ហើយក៏បានសម្រេចដកខ្លួនចេញពីការប្រកួតនេះភ្លាមៗ ធ្វើឱ្យពូល K នៅសល់តែ២ក្រុម គឺក្រុមកម្ពុជា និងម្ចាស់ផ្ទះជប៉ុន។
ជាមួយបញ្ហានេះ AFC បានសម្រេចដាក់ក្រុមចំនួន៨ មកពីពូលចំនួន៤ ដើម្បីធ្វើការចាប់ឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅរសៀលម៉ោង២ ថ្ងៃពុធនេះ ហើយក្រុមដែលឈ្នះ នៅក្នុងការបោះឆ្នោតនេះ នឹងត្រូវដកចេញពីពូល ដែលពួកគេកំពុងឈរ នៅពេលនេះ ដើម្បីទៅលេងនៅក្នុងពូល K ជាមួយក្រុមកម្ពុជា និងក្រុមម្ចាស់ផ្ទះជប៉ុន វិញម្តង ចំណែកក្រុម៧ផ្សេងទៀត ដែលមិនជាប់នៅក្នុងការបោះឆ្នោតនេះ ត្រូវវិលទៅលេង នៅតាមពូលចាស់របស់ខ្លួនវិញ ដូចគ្នា។
ជុំវិញការងារនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះថា៖ «ថ្ងៃនេះ ម៉ោង ២ រសៀល នឹងមានការចាប់ឆ្នោតការប្រកួតវគ្គជម្រុះ នៃពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 ដើម្បីយក១ក្រុម ពីពូលផ្សេង មកបន្ថែមចូលនៅក្នុងពូល K ហើយការចាប់ឆ្នោតនេះ នឹងធ្វើឡើងនៅទីស្នាក់ការរបស់ AFC ក្នុងទីក្រុងគូឡាឡាំពួ»។
តាមព័ត៌មាន ដែលបង្ហោះនៅលើផេចហ្វេសប៊ុករបស់ FFC បានបញ្ជាក់ថា ក្រុមទាំង៨ ដែល AFC ដាក់ឱ្យធ្វើការចាប់ឆ្នោត ដើម្បីយក១ក្រុម ទៅលេងនៅពូល K ជាមួយម្ចាស់ផ្ទះជប៉ុន និងកម្ពុជានោះ គឺក្រុម U23 របស់ចិន ក្រុមប្រ៊ុយណេ មកពីពូលG ក្រុមទីម័រខាងកើត និងហ្វីលីពីន ដែលឈរនៅពូលH ក្រុមមីយ៉ាន់ម៉ា និងហុងកុង មកពីពូលI រួមទាំងក្រុមម៉ាឡេស៊ី និងU23ឡាវ មកពីពូលJ៕