ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយក្រុមការងារគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ បានដំណើរការយ៉ាងរលូន និងបញ្ចប់ទៅប្រកបដោយជោគជ័យជាទីមោទនៈ ជាពិសេសក៏បានមើលឃើញពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីធ្វើការកែលម្អយ៉ាងណាឲ្យការប្រកួតលើកក្រោយៗទៀត កាន់តែមានភាពរលូន សុក្រឹត្យ និងទទួលបានជោគជ័យបន្ថែមទៀត។
ឯកឧត្តម ស សុខា ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានសម្តែងនូវការថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ និងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួន យ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ដឹកនាំដំណើរការប្រកួតបានយ៉ាងល្អប្រសើរ។
ជាមួយនឹងជោគជ័យដ៏អស្ចារ្យនេះ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណដល់សមាគមកីឡា និងក្លិបកីឡា ព្រមទាំងដៃគូសហការ សារព័ត៌មានត្រយង ប្រតិភូកីឡា កីឡាករ និងអ្នកពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងល្អក្នុងការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣៕