ភ្នំបាក់ ជារមណីយដ្ឋានធម្មជាតិនិងវប្បធម៌មួយដ៏ស្រស់ត្រកាលប្រចាំខេត្តបន្ទាយមានជ័យ !!!

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភ្នំបាក់ ជារមណីយដ្ឋានធម្មជាតិ និង វប្បធម៌មួយដ៏ស្រស់ត្រកាល ដែលមានទីតាំងស្ថិតនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងមាន ចម្ងាយប្រហែល ៤គីឡូម៉ែត្រ ពីរង្វង់មូលក្រុងសិរីសោភ័ណ ដែលទីនោះមាន ទេសភាពស្អាតខ្យល់បរិសុទ្ធ មានសម្រស់ធម្មជាតិចម្រុះ ហើយភ្ញៀវទេសចរដែលឡើងលើកំពូលភ្នំ អាចមើលថ្ងៃលិចនៅទិសខាងលិច និងអាចមើលឃើញក្រុងសិរីសោភ័ណពីលើទាំងមូលបានផងដែរ ជាពិសេសក៏មានល្អាងដែលអាចឱ្យភ្ញៀវ ទេសចរចូលលេងកម្សាន្តបានប្រកបដោយសុវត្ថិភាព និងសេចក្តីសប្បាយរីករាយ ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ប្រាប់ វិទ្យុជាតិ កម្ពុជាឱ្យដឹងថា ភ្នំបាក់ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំនិងតំបន់វប្បធម៌ឬប្រពៃណី។សម្រាប់ចំណុច សំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានភ្នំបាក់ ដែលអាចធ្វើឱ្យភ្ញៀវទេសចរ មានចំណាប់អារម្មណ៏នោះ មានដូចជា ទស្សនាទេសភាពព្រៃភ្នំ ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យបានបន្តថា ល្អាងធំជាងគេបង្អស់នៅភ្នំបាក់ មានលក្ខណៈពិសេសមួយចំនួន ដូចជា ក្នុងល្អាងមាន អាសនៈតម្កល់ព្រះពុទ្ធរូប ព្រះចង្កូមកែវ អាងទឹក និង ផ្តិលទឹកប្រកបដោយរចនាបទអស្ចារ្យ ហើយក្នុងល្អាងដ៏ធំនេះ មានខ្យល់អុកស៊ីសែន អាចរស់នៅបាន។ បន្ថែមពីនោះទៀតភ្នំបាក់ ជារមណីយដ្ឋានធម្មជាតិនិងវប្បធម៌មួយ ដ៏ស្រស់ត្រកាល និងជាកន្លែង កម្សាន្តមួយ ដែលមានភ្នំពីរនៅជិតគ្នាគឺភ្នំជញ្ជាំង ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មានថ្មធំៗ ជាច្រើនបញ្ឈរ ដូចជាជញ្ជាំង ពោរពេញដោយ បរិយាកាស និងទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅចន្លោះភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសំរាកកម្សាន្ត។

លោក បានបន្តទៀតថា នៅជើងភ្នំមានត្រពាំងធំមួយ មានទំហំ១០ម៉ែត្រក្រឡា ជម្រៅ ១២ម៉ែត្រ និង រូបចម្លាក់ថ្មបុរាណជាច្រើន បានឆ្លាក់នៅក្នុងត្រពាំងនោះ តាំងពីសម័យមុនមកម្ល៉េះ។

សំឡេង « រមណីយដ្ឋានភ្នំបាក់ មានរូង មានល្អាង មានដើមឈើ ដែលភ្ញៀវទៅលេង។ រមណីយដ្ឋាន ភ្នំបាក់មានភ្ញៀវទៅលេងចំនួនតិចនោះទេ ព្រោះជាក់ស្តែងកាលពីបុណ្យចូលឆ្នាំ នៅកន្លែងផ្សេងមានច្រើន ប៉ុន្តែភ្នំបាក់មានតិច ពុំសូវមានភ្ញៀវទេសចរទៅលេងច្រើនទេ ព្រោះពុំទាន់មានការកសាង និងអភិវឌ្ឍន៍ ឱ្យបានច្រើន ដោយពុំទាន់មានអ្នកវិនិយោគមក »។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឱ្យដឹងទៀតថា សម្រាប់ការធ្វើ ដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានភ្នំបាក់ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមាន ការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹកឬក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរ អាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវឱ្យភ្ញៀវទេចរជាតិនិងអន្តរជាតិ មកលេងកម្សាន្ត រមណីយដ្ឋាននានានៅក្នុងខេត្តឱ្យបានកាន់តែច្រើនបន្ថែមទៀត និងសូមឱ្យអ្នក វិនិយោគទុន មកបណ្តាក់ទុនខាងវិស័យទេសចរណ៍ក្នុងខេត្តឱ្យបានច្រើនផងដែរ ដោយសារខេត្ត មានភ្ញៀវទេសចរអន្តរជាតិជាច្រើនដែលចូលតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត៕ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ធូ កុសល

You might like

Leave a Reply

Your email address will not be published. Required fields are marked *