កម្ពុជា ទទួលជំនួយជាង២លានដុល្លារពីអាល្លឺម៉ង់ សម្រាប់គម្រោងបោសសម្អាតមីន ក្នុងខេត្តចំនួន៣ !!!  

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់ និងអង្គការជំនួយរបស់ប្រជាជនណ័រវេស្ស (NPA) នឹងរៀបចំពិធីចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងសហប្រតិបត្តិការ គម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា» រវាងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។ យោងសេចក្ដីជូនដំណឹង របស់អង្គភាពស៊ីម៉ាក់។

សេចក្ដីជូនដំណឹងឲ្យដឹងថា គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន ២,១០០,០០០ ដុល្លារអាមេរិក ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហាឆ្នាំ២០២៤ ដែលអង្គភាពស៊ីម៉ាក់ អនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីន ទំហំប្រមាណ ១,៦០០ហិកតា និងផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះ ដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយព្យរួមមាន គឺខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សូមបញ្ជាក់ថា គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការ យុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឲ្យខានតែបាន តាមគោលនយោបាយរាជរដ្ឋាភិបាល កម្ពុជាគ្មានមីនឆ្នាំ ២០២៥៕ប្រភេទរូបភាពព័ត៌មានជាតិ អត្ថបទដោយMctv

You might like

Leave a Reply

Your email address will not be published. Required fields are marked *