ល្បីកក្រើកមួយរឿងទៀតហើយកូនចៅលោក ឈួន សោភា គយចល័តតំបន់៥ បើកប្រដេញកៀរថយន្តដឹកផ្លែឈើអោយធ្លាក់ចូលប្រឡាយក្រឡាប់នៅស្រុកពួក !!!
ខេត្តសៀមរាម ៖ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
កូនចៅលោក ឈួន សោភា គយចល័តតំបន់៥ ប្រចាំការនៅចំណុចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បើករថយន្តប្រដេញរថយន្តដឹកផ្លែឈើក្នុងស្រុកមួយគ្រឿង ដែលដឹកចេញពីស្រុកកំរៀង ខេត្តបាត់ដំបង បន្តទៅលក់នៅឯខេត្តសៀមរាប ត្រូវបានគយចល័តធ្វើការកាក់រថយន្ត និងឆែកឆេរម្តងហើយនៅភូមិស្រម៉ោច និងអោយម្ចាស់ទំនិញផ្លែឈើបើករថយន្តទៅគយចល័តទឹកថ្លាបង់ពន្ធផងដែរ តែត្រូវបានម្ចាស់ទំនិញឈ្មោះ ម៉ុត ហៀង មិនព្រម ក៏បន្តដំណើរទៅដល់ស្រុកក្រឡាញ់ គយចល័តតំបន់៥ បើករថយន្តតាមឆែកឆេម្តងទៀតដែរ គឺខាងគយនៅតែអោយម្ចាស់រថយន្តដឹកផ្លែឈើនោះ បង់ពន្ធជូនគយដដែលៗ តែម្ចាស់ផ្លែឈើ នៅតែអះអាងនិងតវ៉ាថា ផ្លែឈើក្នុងស្រុកឯងសោះ អោយបង់ដែរ។ បន្ទាប់មក ម្ចាស់ទំនិញផ្លែឈើ អោយតៃកុងបើករថយន្តបន្តដំណើរដល់ គយចល័ត ស្រុកពួក ស្ថិតក្នុងភូមិគំរូ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ស្រាប់តែឃើញមាន រថយន្តគយចល័តតំបន់៥ ម៉ាកលុចសុីស 330 ស្លាកលេខ រដ្ឋ 2-3378 បានជិះតាមពីក្រោយ និង រថយន្ត១បាំងកន្លះ បំពាក់ដោយសារ៉ែន មិនចាំស្លាកលេខ បើកប្រដេញនិងគៀបុករថយន្ដគាត់ធ្លាក់ចូលប្រឡាយក្រឡាប់តែម្តង ចំណែកក្រុមគយចល័តឃើញដូច្នោះ! ក៏នាំគ្នាបើករថយន្តរត់គេចខ្លួនបាត់ទៅ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥០នាទីយប់ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះបើយោងតាមសម្តីពីជនរងគ្រោះឈ្មោះ ម៉ុត ហៀង បានអោយអ្នកសារព័ត៌មានយើងខ្ញុំដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១២ខែឆ្នាំដដែលនេះ។
ម្ចាស់ទំនិញផ្លែឈើបានបន្តអោយដឹងថា៖ រថយន្តគាត់មានតែមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ 3F 6183 ដែលក្រឡាប់ ជិះគ្នាចំនួន០២នាក់៖ អ្នកបើកបរត្រូវជាក្មួយប្រុស ឈ្មោះ ម៉េង រួមនិងគាត់ឈ្មោះ ម៉ុត ហៀង អាយុ៤៨ឆ្នាំ រងរបួសស្រាល។
មានមតិរិះគន់ពីមហារជនគ្រប់មជ្ឈដ្ឋាន បានចោទជាសំនួរសួរថា ៖ តើ ប្រជាពលរដ្ឋស្លូតត្រង់ដែលរកស៊ីដឹកផ្លែឈើខ្មែរក្នុងស្រុក នាសម័យកូវីដ-១៩ ដើម្បីបានកម្រៃខ្លះផ្គត់ផ្គង់គ្រួសារ តើខាងគយចល័ត មានចិត្តមេត្តាដែរឬទេ? តើខាងគយចល័ត តម្រូវដាច់ខាតគឺអោយផ្លែឈើក្នុងស្រុកបង់ពន្ធជូនគយមែនដែរឬទេ? ម្យ៉ាងមួយទៀត គយចល័តតំបន់៥ និង គយចល័តស្រុកពួក ធ្វើការបើករថយន្តប្រដេញរថយន្តដឹកផ្លែឈើ ជាញឹកញាប់ ដូចក្នុងករណីនេះចឹង ក្រឡាប់រថយន្តដឹកផ្លែឈើ និង បង្កអោយមានរងរបួសស្រាល០២នាក់ ចំណែកផ្លែឈើ និងរថយន្ត រងការខូចខាត សំណាងល្អហើយម្ចាស់ទំនិញ និង អ្នកបើកបរមិនស្លាប់ ចុះបើមានករណីស្លាប់បាត់បង់ជីវិត តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះរឿងខាងលើនេះ ។
ប្រជាពលរដ្ឋសូមសំណូមពរទៅដល់ សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា និង ឯកឧត្តម ឱម យ៉ិនទៀង រដ្ឋមន្ត្រីប្រឆាំងអំពើពុករលួយ មេត្តាដាក់អធិការកិច្ច ស៊ើបអង្កេតក្នុងករណីនេះផងទាន ដើម្បីរកយុត្តិធម៌ជូនដល់ពលរដ្ឋរកស៊ីស្លូតត្រង់វិញ ៕
ពីខ្ញុំៈ ឡាយ សុជាតិ ចាងហ្វាងការផ្សាយ គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍