ភ្នំពេញ ៖ ឯកឧត្តម ស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារក្នុងផេកផ្លូវការរបស់ខ្លួន ថ្លែងអំណរគុណដល់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖[ក្នុងនាមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងក្នុងនាមជាបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ជូនចំពោះគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង ដែលបានគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ កំឡុងយុទ្ធនាការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ដើម្បីបោះឆ្នោតបានយ៉ាងរលូន គ្មានការភិតភ័យ ក្នុងបរិការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
ការធានាបាននូវយុទ្ធនាការឃោសនា ជាពិសេសការបោះឆ្នោតគ្មានបាតុភាពអវិជ្ជមាន និងដំណើរទៅដោយរលូន ប្រកបដោយបរិយាកាសរីករាយរបស់ម្ចាស់ឆ្នោតនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ក្នុងតួនាទីភារកិច្ចក្នុងនាមជាគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត ដែលក្នុងនោះមាន រដ្ឋបាលខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងរដ្ឋបាលដែនដីគ្រប់ឋានានុក្រម ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
ជារួមការបំពេញតួនាទីភារកិច្ចបានយ៉ាងមានប្រសិទ្ធភាព ប្រសិទ្ធផល និងស័ក្តិសិទ្ធិភាពបែបនេះ ក៏បង្ហាញឱ្យឃើញថា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្តព្រៃវែង បានបម្រើនូវវត្ថុបំណងរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងការអនុវត្តសិទ្ធិនយោបាយ ពោលគឺ ធ្វើឱ្យប្រជាពលរដ្ឋសម្រេចបាននូវកាតព្វកិច្ចគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ(ជ្រើសរើសអ្នកតំណាងដោយការបោះឆ្នោត) សេរី(ទៅបោះឆ្នោតនិងបោះឆ្នោតដោយគ្មានការភិតភ័យព្រួយបារម្ភ) ពហុបក្ស(ប្រើប្រាស់ឆន្ទៈពិតប្រាកដបោះឆ្នោតជូនគណបក្សមួយក្នុងចំណោមគណបក្សជាច្រើននៅលើសន្លឹកឆ្នោត) ដែលបញ្ញត្តិដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា]៕