ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកជំទាវ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅការិយាល័យបោះឆ្នោតក្នុង សាលាបឋមសិក្សាគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់មន្រ្ដីរៀបចំការបោះឆ្នោតខេត្ដបន្ទាយមានជ័យបានឱ្យដឹងថា ចាប់តាំងពីការបើកការិយាល័យបោះឆ្នោតនាម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយសង្កេតឃើញមានអ្នកបោះឆ្នោតយ៉ាងច្រើនបានងើបតាំងពីព្រលឹមធ្វើដំណើរមកកាន់ការិយាល័យបោះឆ្នោតរៀងៗខ្លួនដោយឈរមានរបៀបរៀបរយតម្រង់ជួរគ្នាចូលបោះឆ្នោតក្រោមការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សន្តិសុខយ៉ាងយកចិត្តទុកដាក់ពីកងកម្លាំងសន្តិសុខដែលបានដាក់ពង្រាយតាមមណ្ឌលការិយាល័យបោះឆ្នោតនោះ។
លោក យង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានបញ្ជាក់ឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ថដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ នៅខេត្ដបន្ទាយមានជ័យ នៅពេលចាប់ផ្តើមបើកការិយាល័យបោះឆ្នោត គឺនៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់មានបរិយាកាសល្អ ប្រព្រឹត្តទៅដោយរលូន ក្រោមអាកាសធាតុផ្ទៃមេឃស្រទុំ គ្មានភ្លៀងធ្លាក់នោះទេ។
ទោះយ៉ាងណាក្ដី លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបានបន្ថែមថា ជាមួយនឹងអ្នកដែលបានអញ្ជើញទៅបោះឆ្នោតនេះផងដែរ ក៏មានអ្នកបោះឆ្នោតមួយចំនួនមានការលំបាក ឬយឺតយ៉ាវក្នុងរកឈ្មោះក្នុងបញ្ជី ឬខ្វះឯកសារបោះឆ្នោតដោយសារវ័យសម្បទានិងការមិនចេះទាំងអក្សរ និងបច្ចេកវិទ្យា ឬមិនមានលទ្ធភាពឆែកឈ្មោះក្នុងកម្មវិធីប្រព័ន្ធទូរស័ព្ទ ឬកុំព្យួទ័រ ដូចអ្នកបោះឆ្នោតមានវ័យក្មេងនិងវ័យកណ្តាល ។
សូមបញ្ជាក់ថា នៅមណ្ឌល ខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចំនួន១១គណបក្ស ក្នុងនោះ រួមមាន គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សស្ត្រីដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សខ្មែរអភិរក្ស, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយទាំងនោះ មានបេក្ខជនឈរឈ្មោះតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបំរុងចំនួន ១៣២ នាក់ មានការិយាល័យបោះឆ្នោតចំនួន ១ ១១៩ ការិយាល័យ។ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៤៣១ ៧៧៥ នាក់ ហើយអាសនៈតំណាងរាស្ត្រ មាន ៦ អាសនៈ ៕ ដោយ៖ ឈុនសារ៉ាត