ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំដោយ វរសេនីយ៍ត្រី ទូច ណាន មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៦:៣០នាទី មានភ្លៀងធ្លាក់ និងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ និងសម្ភារមួយចំនួន។
ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង និងគ្រប់វេលា ៕