ខេត្តព្រៃវែង ៖ ផ្ទុះការផ្អើលយ៉ាងខ្លាំងដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ជាពិសេសបងប្អូនក្នុងក្រុងព្រៃវែង បន្ទាប់ពីមានវត្តមានតារាកំប្លែងជាច្រើនរូប ដែលដឹកនាំដោយលោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ បានសម្តែង និងចូលរួមហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងក្រុងព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។ ដែលពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង កាលពីព្រឹកមិញនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងលោកជំទាវ នៅមុខគណបក្សខេត្ត ដែលមានអ្នកចូលរួមចំនួន ៥ ៤៥៤នាក់។
នៅក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ ក៏មានការសម្តែងជាឈុតឆាកកំប្លែងខ្លីៗ និងចម្រៀងពីរោះៗ ទាំងមុនពិធី និងពេលប្រារព្ធពិធី ដោយក្រុមតារាកំប្លែងដែលដឹកនាំដោយលោកតា វ៉ិចទ័រ រួមមាន ៖ លោកតា វ៉ិចទ័រ នាយក្រូច នាយតាក់ស៊ី នាយ BIG អ្នកនាងអ៉ីត នាយក្រាន់ នាយស្លេក រួមនឹងតារាមួយទៀត ដែលធ្វើបរិយាកាសប្រព្រឹត្តទៅយ៉ាងសប្បាយរីករាយ និងអធិកអធមក្រៃលែង។
បន្ទាប់ពិធីបិទត្រូវបានបញ្ចប់ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតក្នុងក្រុងព្រៃវែង អមដោយតារាកំប្លែងទាំងអស់ខាងលើ ដែលដឹកនាំដោយលោកតា វ៉ិចទ័រ និងសមាជិក សមាជិកាគណបក្សរាប់ពាន់នាក់ផងដែរ៕