ខេត្តបន្ទាយមានជ័យ ៖ សត្វពពែ កំពុងមានតម្រូវការទីផ្សារ និងមានតម្លៃថ្លៃ ដោយមានបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តទូទាំងប្រទេសមានការបញ្ជាទិញ។
ការចិញ្ចឹមសត្វពពែដើម្បីយកសាច់ នាពេលបច្ចុប្បន្នត្រូវបានគេមើលឃើញថា ហាក់មានភាពទូលំទូលាយ មិនចាញ់ការចិញ្ចឹកគោ ក្របី នោះទេ ប៉ុន្តែសម្រាប់តម្រូវការទីផ្សារនៅតែមាន ហើយទទួលបានតម្លៃថ្លៃ គួរសម ជាពិសេសតម្រូវការនៅតាមបណ្តាហាង ភោជនីយដ្ឋាននានា ទាំងនៅរាជធានីភ្នំពេញ ក៏ដូចជា នៅតាមបណ្តាខេត្តទូទាំងប្រទេស។
លោក កាំង លីហៃ វ័យ ៤១ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមសត្វពពែយកសាច់មួយកន្លែងនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទីផ្សាររបស់សាច់ពពែមិន មានតម្លៃថ្លៃគួរសម ដែលអាចផ្តល់ផលចំណេញដល់អ្នកចិញ្ចឹម ក៏ដូចជាអាជីវករ ដែលទទួលយកទៅ លក់ បន្តផងដែរ។
លោក កាំង លីហៃ បានបន្ថែមថា លោកបានចាប់ផ្តើមចិញ្ចឹមពពែក្នុងឆ្នាំ២០២១ ដែលលោកសម្រេចចិត្ត ចិញ្ចឹមពពែដោយសារ សត្វពពែស៊ីស្មៅ និងរុក្ខជាតិជុំវិញផ្ទះជាអាហារ ដោយមិនចំណាយថ្លៃដើម ទិញចំណី ច្រើននោះទេ។
លោកបញ្ជាក់ថា ការចិញ្ចិមសត្វពពែនេះ គឺចំណាយដើមទុនប្រមាណ ៦០០ដុល្លារ សម្រាប់ទិញមេ និងបា ពពែ ចំនួន៦ក្បាល (បា១ មេ៥) ដាក់ចិញ្ចឹមក្នុងទ្រុងដែលកែច្នៃចេញពីទ្រុងមាន់ដែលមានស្រាប់៕ ដោយ៖លោក ជួន បូណា