អន្តរជាតិ៖ លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយថា លោកស្រី ចង់ធ្វើការជាមួយប្រទេសចិនលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងការរៀបចំរចនា សម្ព័ន្ធបំណុលសម្រាប់ប្រទេសក្រីក្រ ហើយថា ធនាគារអភិវឌ្ឍន៍ពហុភាគីត្រូវការកំណែទម្រង់មុននឹង ពិចារណាលើការបង្កើនដើមទុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាដែលរៀបចំសម្រាប់សន្និសីទសារព័ត៌មានមួយមុនកិច្ចប្រជុំនៃរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេស G20 និងធនាគារជាតិនៅក្នុងប្រទេសឥណ្ឌា លោកស្រី Yellen បាននិយាយថា ដំណើរទស្សនកិច្ចរបស់ លោកស្រីទៅកាន់ទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានជួយធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនឈរនៅលើ “ជំហររឹងមាំ” ហើយថាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរមាន ការប្តេជ្ញាចិត្ត ក្នុងការសហការគ្នា លើវិស័យដែលមានការព្រួយបារម្ភរួម។
លោកស្រី Yellen បានថ្លែងដូច្នេះថា “នៅមានការងារជាច្រើនដែលត្រូវធ្វើ ប៉ុន្តែខ្ញុំជឿថាដំណើរទស្សនកិច្ចនេះគឺជាការចាប់ផ្តើមដ៏សំខាន់មួយ។ ខ្ញុំមានចិត្តចង់ កៀរគរសកម្មភាពបន្ថែមទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះ ដែលយើងបានដាក់ នៅទីក្រុងប៉េកាំង”៕ សម្រួលផ្សាយ៖ កន ចំណាន