ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចុះពិនិត្យមេីលក្រុមការងារសាងសង់ មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលក្នុងខេត្តបន្ទាយមានជ័យ !!!
បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល រួមនឹងប្រតិភូអមដំណេីរ អញ្ជើញចុះពិនិត្យមេីលក្រុមការងារជាងកំពុងសាងសង់មណ្ឌលព្យាអ្នកជំងឺកូវីដ-១៩កម្រិស្រាល ទាំង២ទីតាំងក្នុងខេត្តបន្ទាយមានជ័យ ក្នុងក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ត្រៀមបំរុងសម្រាប់ទទួលបងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃដែលមានវិជ្ជមានកូវីដ-១៩។ ក្នុងការចុះពិនិត្យទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ នោះក៏មានការចូលរួមអមដំណេីរដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្រុមការងារសុខាភិបាល។
ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមការងាសាងសង់ ត្រូវពន្លឿនដំណេីរការសាងសង់ឲ្យបានឆាប់រួចរាល់ ដេីម្បីដាក់ដំណេីការព្យាបាលជូនអ្នកជំងឺកូវីដ-១៩។ ទន្ទឹមនោះដែរឯកឧត្តម ក៏បានថ្លែងការកោតសរសេីរចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំង ដែលបានខិតខំយ៉ាសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលយេីងត្រូវតែរួបរួមគ្នាដេីម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ពិសេសប្រភេទបំប្លែងថ្មី Delta ដែលវាមានលទ្ធភាពចម្លងលឿន នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបេីសិនយេីងព្យាបាលមិនបានទាន់ពេលវេលា។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ៖ រហូតមកទល់ពេលនេះខេត្តបានរៀបចំមណ្ឌល ចត្តាឡីស័កមានរហូតទៅដល់១៩ទីតាំង ទូទាំងខេត្តបន្ទាយមានជ័យ ដែលពលករកំពុងស្នាក់នៅធ្វេីចត្តាឡីស័កមានចំនួន៣៩០០នាក់ នឹងត្រៀមសម្រាប់បងប្អូនពលករដែលនឹងវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីមានការបេីកព្រំដែនវិញនៅពេលខាងមុខផងដែរ។
ក្នុងនោះដែលនៅក្នុងខេត្តក៏មានមណ្ឌលព្យាបាល ចំនួន១៥ទីតាំង ដែលអាចទទួលបានអ្នកជំងឺបានប្រមាណ៥០០០នាក់ហេីយ។ ហេីយរហូតមកទល់ពេលនេះមានអ្នកជំងឺជាពលករ អ្នកជំងឺក្នុងសហគមន៍មានចំនួន៣៨០០នាក់ដែលកំពុងសម្រាក់ព្យាបាលនៅក្នុងខេត្ត។ ជាមួយគ្នានោះខេត្តក៏បានរៀបចំកន្លែងមណ្ឌលព្យាបាលធំចំនួន២កន្លែង ដែលក្នុងមួយទីតាំងមានចំនួន៣០០០គ្រែ ដែលទទួលអ្នកជំងឺបានចំនួន៣០០០នាក់៕ ដោយៈលោក ណៃ ថាន និពន្ធនាយករង