ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងត្រួតពិនិត្យកម្លាំងនិងកិច្ចការមួយចំនួនបម្រើឲ្យការបោះឆ្នោត ក្នុងកិច្ចដំណើរការឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខ ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាននាឱកាសនោះ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានមានប្រសាសន៍ថា កងទ័ពក៏ត្រូវតែបំពេញកាតព្វកិច្ចដូចប្រជាពលរដ្ឋទូទៅដែរ នៅថ្ងៃឈប់សំរាកពីការងារ ក្នុងការស្វ័យសម្រេចជ្រើសរើសតំណាងដឹកនាំប្រទេសជាតិក្នុងការការពារថែរក្សាសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
លោកឧត្តមសេនីយ៍ទោ នាង ឃីម បានថ្លែងបន្តថា បើទោះបីកងយោធពលខេមរភូមិន្ទពុំអាចចូលរួមជីវភាពនយោបាយដូចប្រជាពលរដ្ឋក្តី ប៉ុន្តែកងយោធពលខេមរភូមិន្ទមានសិទ្ធិក្នុងការទៅចូលរួមបោះឆ្នោតនៅពេលក្រៅម៉ោងការងាររបស់ខ្លួនដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិដូចជាប្រជាពលរដ្ឋទូទៅដែរ ដូចនេះក្នុងនាមកងយោធពលខេមរភូមិន្ទពេលនេះយើងមានកាតព្វកិច្ចសំខាន់ពីរគឺ: ទី១ សហការជាមួយកងកម្លាំងមានសមត្ថកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោត រាប់សន្លឹកឆ្នោត និងក្រោយរាប់សន្លឹកឆ្នោត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពគ្រប់ដំណាក់កាល ក៏ដូចជាការធានានូវលទ្ធិប្រជាធិបតេយ្យពេញលេញនៅកម្ពុជា។ និងទី២ បំពេញកាតព្វកិច្ចជាពលរដ្ឋល្អក្នុងការទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ក៏បានក្រើនរំឭកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ឲ្យយកចិត្តទុកដាក់ជំរុញដល់ក្រុមគ្រួសារសាច់ញាតិដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប ឲ្យទៅបោះឆ្នោតបានគ្រប់ៗគ្នា ពិសេសក្នុងនាមកងយោធពលខេមរភូមិន្ទត្រូវគោរពក្រមសីលធម៌ក្នុងពេលបោះឆ្នោតឲ្យបានល្អ ដើម្បីរក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរឲ្យបានម៉ឺងម៉ាត់បំផុត ៕