កងកម្លាំងចម្រុះជួរមុខ ចំនួន១០អង្គភាព ទិសទី១បន្ទាយមានជ័យមាន ទទួលបានការវ៉ាក់សាំងដូសទី៣ (ដូសជម្រុញ) Astra Seneca ដើម្បីបង្ការជំងឺកូវីដ-១៩ !!!
បន្ទាយមានជ័យ៖ដំណើរការនៃការចាក់វ៉ាក់សាំងជូនកម្លាំងចម្រុះជួរមុខ ទិសទី១បន្ទាយមានជ័យ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដំណើរការដោយក្រុមរថយន្តចល័តយោធភូមិភាគទី៥ រួមជាមួយក្រុមគ្រូពេទ្យ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ដែលបានដំណើរការចល័តចាក់ចាប់ពីព្រំប្រទល់ខេត្តឧត្តរមានជ័យ ដល់ព្រំព្រទល់ខេត្តបាត់ដំបង ជាង១៥០គីឡូម៉ែត្រ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំកងទ័ពគ្រប់លំដាប់ថ្នាក់ យុទ្ធនាការចាក់វ៉ាក់សាំងជូនកងកម្លាំងជួរមុខឲ្យបានលឿនបំផុត ដើម្បីធានាបានសុខសុវត្ថិភាពជូនកងកម្លាំង ដែលកំពុងការបំពេញប្រតិបត្តិការបិទខ្ទប់ជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ចាប់តាំងខែធ្នូ ឆ្នាំ២០២០ គិតមកដល់ពេលនេះរយះពេលជាង8ខែមកហើយ ដោយកងកម្លាំងទទួលបានការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នោះ មានចំនួន៣ដូសរួចមកហើយ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មានប្រសាសន៍ថា កងកម្លាំងចម្រុះជួរមុខដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ)រួមមានស្ថាប័នកងទ័ពចំនួន ៩អង្កភាព រួមជាមួយនគរបាលការពារព្រំដែនគោក សរុបរួមចំនួន ១០អង្គភាព ដែលបានដំណើរការចាក់ចាប់ពីម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង១៦:00នាទីរសៀល បានបញ្ចប់តាមផែនការថ្នាក់ ។
ក្នុងនាមថ្នាក់ដឹកនាំយោធភូមិភាគទី៥ ក៏ដូចជាកម្លាំងជួរមុខនៅទិសទី១យោធភូមិភាគទី៥ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តទៀត ៕