ភ្នំពេញ ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានអនុម័តសេចក្តីថ្លែងការណ៍រួម និងផែនការសកម្មភាពរួមសម្រាប់ឆ្នាំ២០២៣-២០២៨ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ។
អ្នកការទូតកំពូលរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំជុំទី៦ នៃកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងរុស្ស៊ី-GCC ថា «បន្ទាប់ពីកិច្ចប្រជុំថ្ងៃនេះ សេចក្តីថ្លែងការណ៍រួមមួយ និងផែនការសកម្មភាពរួមមួយសម្រាប់រុស្ស៊ី និងក្រុមប្រឹក្សាសហប្រតិបត្តិការសម្រាប់រដ្ឋអារ៉ាប់នៃឈូងសមុទ្រសម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបានអនុម័ត»។
លោក ឡាវរ៉ូវ បាននិយាយថា «ជារួម យើងចាត់ទុកកិច្ចសន្ទនាយុទ្ធសាស្ត្រនោះជាមធ្យោបាយដ៏ល្អមួយ ដើម្បីផ្តល់កម្លាំងរុញច្រានបន្ថែមដល់កិច្ចសហប្រតិបត្តិការធុរកិច្ចរបស់យើង ពង្រឹងការសម្របសម្រួលនយោបាយទ្វេភាគី ហើយជាការពិតណាស់ ទំនាក់ទំនងពហុភាគីរបស់យើងសម្រាប់ផលប្រយោជន៍នៃការបង្កើតស្ថិរភាព និងអ្នកជិតខាងល្អនៅក្នុងតំបន់»។
GCC គឺជាអង្គការមួយក្នុងតំបន់ដែលប្រមូលផ្តុំប្រទេសចំនួន៦ ដែលរួមមានប្រទេសបារ៉ែន កាតា គុយវ៉ែត គុយវ៉ែត អេមីរ៉ាតអារ៉ាប់រួម អូម៉ង់ និងអារ៉ាប៊ីសាអូឌីត។ វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៨១។ គោលដៅចម្បងរបស់អង្គការនេះ គឺដើម្បីសម្របសម្រួលនយោបាយ និងសមាហរណកម្មសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក ក៏ដូចជាអន្តរកម្មដើម្បីធានាសន្តិសុខ និងកិច្ចការពារក្នុងតំបន់នៅឈូងសមុទ្រ។ កិច្ចប្រជុំលើកដំបូងនៃកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងរុស្ស៊ី-GCC ដែលបានផ្តួចផ្តើមឡើងកាលពីក្នុងឆ្នាំ២០១៦ ត្រូវបានប្រារព្ធឡើងនៅរដ្ឋធានីអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០១៧៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល