ខេត្តសៀមរាប ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា អភិបាលខេត្ដសៀមរាប និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលសៀមរាប របស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា កម្ពុជាមានឱកាសរីកចម្រើន ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ការអះអាងរបស់ឯកឧត្តម ទៀ សីហា បែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់គោកចក និងសង្កាត់ស្វាយដង្គុំ ក្រុង សៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។
ឯកឧត្តម ទៀ សីហា បានថ្លែងថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននាំឱ្យប្រទេសនេះ ចាកចេញពីសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលមានសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ និងបានធ្វើឱ្យសកលលោកស្គាល់កម្ពុជាកាន់តែច្បាស់ថា “ជាប្រទេសតូច តែបេះដូងធំ និងជាប្រទេសដែលមានភាពរួសរាយរាក់ទាក់”។
ឯកឧត្តម បានលើកឡើងថា ការរីកចម្រើនគ្រប់វិស័យនេះ ក៏បានមកពីបងប្អូន ដែលគោរពស្រឡាញ់ និងមានភក្តីភាពចំពោះគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កាលពីអណត្តិកន្លងទៅ។ ឯកឧត្ដមបានបន្ថែមថា ដូច្នេះ ដើម្បីការអភិវឌ្ឍ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត៕ដោយ៖ ឃុត សៅ