ក្រសួងការពារជាតិចិនបានចេញមុខនិយាយថា ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការ ចំពោះគម្រោងលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។
លោក តាន កឺហ្វៃ (Tan Kefei) អ្នកនាំពាក្យក្រសួងការពារជាតិចិនបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិកនៅតែបន្តមិនអើពើចំពោះក្តីកង្វល់ស្នូល របស់ប្រទេសចិន និងចូលជ្រៀតជ្រែកយ៉ាងខ្លាំងមកលើកិច្ចការផ្ទៃក្នុងរបស់ចិន ហើយជំរុញឱ្យភាពតានតឹងកាន់តែកើនឡើងដោយចេតនា នៅតំបន់ច្រកសមុទ្រតៃវ៉ាន់”។
ចិនចាត់ទុកតៃវ៉ាន់ជាទឹកដីដែលមិនអាចកាត់ផ្តាច់បានរបស់ខ្លួន ហើយមិនពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងលក្ខណៈមិនផ្លូវការរវាងទីក្រុងតៃប៉ិនិងទីក្រុងវ៉ាស៉ីនតោន ជាពិសេសការលក់អាវុធរបស់អាមេរិកឱ្យមកដែនកោះនេះ។
គួរបញ្ជាក់ថា យោងតាមសេចក្តីប្រកាសមួយកាលពីសប្តាហ៍មុន ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់ភ្លើងបៃតង ចំពោះផែនការលក់គ្រាប់រំសេវផ្សេងៗ ព្រមទាំងការគាំទ្រផ្នែកឡូជីស្ទីគជាមួយគ្រឿងបន្លាស់និងគ្រឿងជួសជុលឱ្យតៃវ៉ាន់ ក្នុងកិច្ចព្រមព្រៀង ២ ផ្សេងគ្នាទៀត ដែលមានតម្លៃសរុបរហូតដល់ ៤៤០ លានដុល្លារ៕ សម្រួលផ្សាយ៖ កន ចំណាន