ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានថ្លែងការកោតសរសើរដល់គ្រប់បណ្តាអង្គភាពដែលខិតខំយកចិត្តទុកដាក់អនុវត្តការងារ តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់តាមផែនការ ការងារដែលបានដាក់ចេញ ។ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមិថុនា និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្តខែកក្កដា ឆ្នាំ២០២៣ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា ថ្ងៃនេះពិតជាមោទនភាពរបស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដោយបានការផ្តល់ទំនុកចិត្តពី ឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ដែលបានផ្តល់មុខងារ និងឋានន្តរសក្តិថ្មី ជូន នាយទាហាន នាយទាហានរង ។
ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន បានចូលរួមអបអរសាទរចំពោះនាយទាហាន នាយទាហានរង ដែលត្រូវបានថ្នាក់លើ ផ្តល់មុខងារ និងឋានន្តរសក្តិ ថ្មីនាពេលនេះ ហើយលោកបានថ្លែងបន្តថាបន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច និងគោរពតាមការណែនាំ បទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ ប្រជាជន ជាពិសេសត្រូវស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ៕