ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ថ្ងៃបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅខេត្តបន្ទាយមានជ័យបានប្រព្រឹត្តិទៅ ដោយរលូនមានសណ្តាប់ធ្នាប់ល្អ។
តាំងពីព្រឹកព្រលឹមនៅតាមដងផ្លូវនានា គេសង្កេតឃើញសមាជិកសមាជិការបស់គណបក្សនយោបាយនានា បានធ្វើដំណើរទៅតាមគោលដៅដើម្បីជួបជុំគ្នាបើកយុទ្ធនាការ ឃោសនាដោយរូបភាពផ្សេងៗគ្នាក្នុងការស្វែងរកសំឡេងឆ្នោតគាំទ្របក្សរបស់ខ្លួន។
ព្រឹកថ្ងៃដំបូងនេះ នៅខេត្តបន្ទាយមានជ័យមានតែគណបក្សប្រជាជនកម្ពុជាដែលបានធ្វើសកម្មភាពដោយទ្រង់ទ្រាយគ្របដណ្តប់ច្រើនជាងគេ ដោយបានប្រមូលផ្តុំ សមាជិក សមាជិការបស់ខ្លួនយ៉ាងច្រើនកុះករប្រមាណ២០០០០នាក់ នៅមុខទីស្នាក់ការ បក្សខេត្តក្នុង ក្រុងសិរីសោភ័ណ ដើម្បីប្រារព្ធពិធីរួចដង្ហែជាក្បួនរថយន្តតូចធំគោយន្ត ម៉ូតូតាមដងផ្លូវនានា យ៉ាងគគ្រឹកគគ្រេង ដែលដឹកនាំដោយឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
រីឯគណបក្សផ្សេងទៀត នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ ក៏បានធ្វើសកម្មភាពទៅតាមលទ្ធភាពធនធានរបស់ខ្លួន នៅតាមមូលដ្ឋានឃុំ សង្កាត់ ស្រុក ក្រុង តាមរូបភាពឃោសនាផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលស្វែងរកសំឡេងគាំទ្រគណបក្សរបស់ខ្លួន។
លោក យ៉ង សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ បានដំណើរ ការទៅដោយរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់រៀបរយបានល្អ ដោយមិនមានបាតុភាព អ្វីកើតឡើងនោះទេ ទោះបីមានបញ្ហាស្ទះចរាចរណ៍តាមដងផ្លូវមួយចំនួនដោយក្បួនដង្ហែនេះ ប៉ុន្តែត្រូវបានសមត្ថកិច្ចជំនាញប្រឹងប្រែងធ្វើការជួយសម្រួលបញ្ចៀស ឱ្យដំណើរ ការទៅដោយយ៉ាងរលូន។
លោក យ៉ង សក្តិ បានឱ្យប្រាប់ឱ្យដឹងទៀតថា ដើម្បីធានាសន្តិសុខសណ្តាប់ ធ្នាប់សុវត្ថិភាពឱ្យមានភាពល្អប្រសើរក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងការបោះ ឆ្នោតការរាប់សន្លឹកឆ្នោតនៅទូទាំងខេត្ត គណៈកម្មការរៀបចំការបោះឆ្នោតរួមសហការជា មួយអាជ្ញាធរខេត្ត បានដាក់ពង្រាយកម្លាំងសន្តិសុខការពារជាច្រើនពាន់នាក់នឹងបាន ធ្វើការពង្រឹងក្រមសីលធម៌ដល់គ្រប់គណបក្សនយោបាយ។
ជាមួយគ្នានេះ លោកក៏បានធ្វើការអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រគណបក្ស នយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និង គោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត របស់គណបក្ស នយោបាយ ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។
ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមាន រយៈពេល ២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅមណ្ឌលខេត្តបន្ទាយមានជ័យ មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ មានចំនួន១១គណបក្សរួមមាន៖ ខ្មែរតែមួយ, សញ្ជាតិកម្ពុជា, ខ្មែររួបរួមជាតិ, ស្ត្រីដើម្បីស្ត្រី, ខ្មែរឈប់ក្រ, ហ៊្វុនស៊ិនប៉ិច, ធម្មាធិបតេយ្យ, ខ្មែរអភិរក្ស, យុវជនកម្ពុជា, ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា មានបេក្ខជនឈរឈ្មោះតំណាងរាស្ត្រទាំងពេញសិទ្ធិ និងបម្រុង ចំនួន១៣២នាក់ មានការិយាល័យបោះឆ្នោត ចំនួន១.១១៩។ ប្រជាពលរដ្ឋក្នុងបញ្ជី បោះឆ្នោត ចំនួន ៤៣១.៧៧៥នាក់ ឯអាសនៈតំណាងរាស្ត្រមាន ៦ អាសនៈ៕ ដោយឈុនសារ៉ាត សម្រួលផ្សាយដោយ៖ ធូ កុសល