ភ្នំពេញ ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ កាលពីពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអនុសមាសភាគ១.២ ពាក់ព័ន្ធនឹងការរៀបចំផែនការ ការគ្រប់គ្រង និងពង្រឹងការអនុវត្តច្បាប់ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុម ប្រភេទកំពុងទទួលរងការគំរាមកំហែង (VU) និងក្រុមប្រភេទជិតទទួលរងការគំរាមកំហែង (NT) មានតម្លៃអភិរក្សក្នុង តំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។ នេះបើយោងតាមក្រសួងបរិស្ថាន។
បើតាមគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ហៅកាត់ថា CSLEP បានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះ ប្រមូលពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តពោធិ៍សាត់ ក្នុងនោះរួមមាននៅចំណុច ដំណាក់ត្រប អូរល្ហុង ស្ទឹងក្រហម ថ្មយ៉ន ថ្មធំ ខ្មោចចាម ខ្នងស្រល់ និងដំណាក់យានលន់បានដោយជោគជ័យ។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ២០២០ ដោយគម្រោង CSLEP នៃក្រសួងបរិស្ថាន។
ដោយឡែក ប្រភេទសត្វព្រៃមានដោកម្រ (EN) និង(VU) ចំនួន ៣ប្រភេទផ្សេងទៀត ត្រូវបានកត់ត្រា និងបញ្ជាក់ពីវត្តមានបន្ថែមតាមយៈការសិក្សានេះ។ ប្រភេទសត្វព្រៃទាំងនេះរួមមាន៖ ពង្រូល ខ្លាលឿង មាស សត្វយំឬសត្វចាំត្រពាំង។ សូមគោរពជម្រាបជូនផងដែរថា ការសិក្សានេះជាការសិក្សាត្រួតពិនិត្យ និងតាមដានពីវត្ត មានប្រភេទសត្វព្រៃសំខាន់ៗដែលមានតំលៃអភិរក្សក្នុងតំបន់ និងជាសកល ព្រមទាំងវាជាផ្នែកមួយនៃការអនុវត្តផែនការគ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលទទួលការឯកភាពពីក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២៕ដោយ៖ រិទ្ធី, ប្រភព៖ ក្រសួងបរិស្ថាន