ខេត្តបន្ទាយមានជ័យ ៖ ដោយទទួលបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បំបែកសំណុំរឿងករណីឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៤០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងរួមមាន
១.អាវុធខ្លីម៉ាក K54 លេខ ២៩១០៣១៨៧ (បង់០១ គ្រាប់០៧គ្រាប់)ចំនួន០១ដើម។
២.អាវុធខ្លីម៉ាក G-LOCK 17 GEN4 លេខ TSV665 (បង់០១ គ្រាប់០៥គ្រាប់) ចំនួន០១ដើម។
៣.សំបកគ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០២គ្រាប់។
៤.គ្រាប់កាំភ្លើងខ្លីម៉ាក G-LOCK ចំនួន០១គ្រាប់។
៥.គ្រាប់កាំភ្លើងខ្លីម៉ាក K54 ចំនួន០៣គ្រាប់។
៦.កញ្ចប់បារីម៉ាក MEVIUS ចំនួន ០១កញ្ចប់។
៧.បង់កាំភ្លើងចំនួន០១ នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ក្នុងបុរីសានហូ ស្ថិតនៅក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថាករណីនេះធ្វើឡើងតាមដើមបណ្ដឹងឈ្មោះ LI ZHONG GUO(លី ចុងក័រ) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ស្នាក់នៅបុរីសានហូ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលត្រូវជាបងជីដូនមួយរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ជនសង្ស័យជនជាតិចិនឈ្មោះZHOU YONG ហៅក្រៅ (ម៉ាទីន) ក្រោយពីឃាត់ខ្លួន និងសាកសួររួចមក បានឆ្លើយថារូបខ្លួនមិនបានបាញ់សម្លាប់ទៅលើជនរងគ្រោះនោះទេ។ ចំពោះជនសង្ស័យឈ្មោះ ឡោ លឹមហាប់ (ហៅប្រុស) ក្រោយពីសាកសួរ បានឆ្លើយរៀបរាប់ថា មុនពេលកើតហេតុនៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យជនជាតិចិនឈ្មោះ ម៉ាទីន និងជនរងគ្រោះឈ្មោះ SHEN JIANGUO(គីងកុង) បានចេញពីខារ៉ាអូខេ (ROYAL) ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយជនរងគ្រោះ និងជនសង្ស័យបានជិះរថយន្តចេញមកក្រៅជាមួយគ្នា ដោយមានរូបគេ(ឈ្មោះ ឡោ លឹមហាប់) ជាអ្នកបើករថយន្តនោះ ពេលបើកមកដល់កន្លែងកើតហេតុឈ្មោះ ម៉ាទីន បានឱ្យរូបគេឈប់ឡានដើម្បីជក់បារី និងបត់ជើងតូច(នោម) បន្ទាប់មកឈ្មោះ ម៉ាទីន បានលើកដៃធ្វើសញ្ញាឱ្យរូបគេបាញ់សម្លាប់ទៅលើជនរងគ្រោះពីក្រោយ ដោយប្រើប្រាស់អាវុធខ្លីរបស់ខ្លួនម៉ាក K54 ពេលនោះរូបគេក៏បាញ់០១គ្រាប់ទៅលើជនរងគ្រោះតែមិនផ្ទុះទេ ភ្លាមនោះឈ្មោះ ម៉ាទីន ក៏បានដកកាំភ្លើងរបស់ខ្លួនម៉ាក G-LOCK17 ចេញពីកាបូបកាន់ដៃរបស់គេបាញ់ទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវចំស្មាខាងស្តាំ ផ្នែកខាងក្រោយធ្លាយចេញមកបំពង់កផ្នែកខាងឆ្វេងបណ្តាលឱ្យដួលទៅលើដី រួចហើយឈ្មោះ ម៉ាទីន បានប្រគល់កាំភ្លើងម៉ាក G-LOCK17នោះ មកឱ្យរូបគេ(ឡោ លឹមហាប់)បាញ់ថែមមួយគ្រាប់ទៀតត្រូវចំក្បាលផ្នែកខាងក្រោយធ្លាយមកចិញ្ចើមខាងឆ្វេងបណ្តាលឱ្យជនរងគ្រោះស្លាប់តែម្តង។ ក្រោយពីជនរងគ្រោះស្លាប់ហើយ រូបគេ និងម៉ាទីន បានអូសសាកសពទម្លាក់ក្នុងប្រឡាយ និងកាច់មែកឈើគ្របពីលើសាកសពដើម្បីបិទបាំង រួចហើយបើកឡានគេចចេញពីកន្លែងកើតហេតុតែម្ដង។
ជនសង្ស័យឈ្មោះឡោ លឹមហាប់ បានបញ្ជាក់ទៀតថា បានជាមានករណីបាញ់សម្លាប់ជនរងគ្រោះខាងលើដោយសារឈ្មោះ ZHOU YONG ហៅក្រៅ (ម៉ាទីន) ជំពាក់លុយជនរងគ្រោះឈ្មោះ SHEN JIANGUO(គីងកុង) ហើយជនរងគ្រោះទារលុយច្រើនដងពេក ទើបបណ្ដាលឱ្យមានរៀបផែនការបាញ់សម្លាប់ជនរងគ្រោះតែម្ដង។
ក្រោយឃាត់ខ្លួន និងស្តាប់ចម្លើយ ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាងនៃបទល្មើសខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថាការផ្ដើមឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នៅម៉ោង០៩ និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយ លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តនៅសៀលថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣៕