ខេត្តស្វាយរៀង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញបំពាក់មេដាយ ការពារជាតិ ជូនបងប្អូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន ២៥៩នាក់ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ។
សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិក សមាគម អតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជារបស់យើង គិតគូរដល់ជីវភាពរស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបាន បម្រើជាតិនារយៈពេលកន្លងមកនេះ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីត យុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណ បំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀង ទទួលបានមេដាយចំនួន ៣,៤៣៦នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន។
សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំពាវនាវដល់សមាជិក សមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលមានសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅ បោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕ដោយ សួស សំរិត