ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង១៤និង០៤នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួច ដែលប្រព្រឹត្តកាលពីវេលាម៉ោង២៣និង០០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមដើមបណ្តឹងឈ្មោះ សោម ម៉ីម៉ី ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ ឯក ចាន់ត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅមិនពិតប្រាកដ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ វត្ថុតាង ម៉ាស៊ីនបំលែងភ្លើងអគ្គិសនី អាំងវ៉ូទ័រ ម៉ាកING CO ពណ៌លឿង ចំនួន០១គ្រឿង។
លោកវរសេនីយ៍ត្រី បានបញ្ជាក់ទៀតថា នៅវេលាម៉ោង២៣ និង០០នាទីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យបានធ្វើសកម្មភាពលួចចូលក្នុងផ្ទះ របស់ជនរងគ្រោះ បានលួចយកម៉ាស៊ីនបំលែងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ) ចំនួន០១គ្រឿង និងកន្ទេល០១ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។ ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាងខាងលើ ហើយនាំយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកម៉ាស៊ីនបំលែងភ្លើងអគ្គិសនី(អាំងវ៉ូទ័រ) របស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង ជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ៖ ជនសង្ស័យម្នាក់ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ចំណែកវត្ថុតាងត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញហើយ៕