ខេត្តបន្ទាយមានជ័យ ៖ មិនទាន់បានប៉ុន្មានខែផង លោកឧត្តមសេនីយត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្លាប់បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់មន្ត្រីក្រោមឱវាទ ឲ្យរៀបចំសណ្តាប់ធ្នាប់ កុំឲ្យមានភាពរញ៉េរញ៉ៃ ត្រូវហាមឃាត់ម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app)មិនឲ្យមកចាប់ម៉ូយ(ភ្ញៀវ)នៅមុខច្រកទ្វារអន្តរជាតិទៀតទេ ដើម្បីកុំឲ្យមានការកកស្ទះដល់ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់នៅទីនោះ។
បន្ទាប់ពីមានការដាក់បទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី អុី ចំរើនហើយ មន្រ្តីថ្នាក់ក្រោមក៏បានរៀបចំ មិនឲ្យម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app) មកចាប់ភ្ញៀវនៅមុខច្រកទ្វាបានទៀតទេ គឺតំរូវឲ្យនៅចាំទទួលភ្ញៀវនៅចំណុចរង្វង់មូល ដើម្បីកុំឲ្យមានការកកស្ទះ និងភាពរញ៉េរញ៉ៃ។
ប្រភពពីអ្នករត់ម៉ូតូឌុប និងម៉ូតូផាស្អាប់(pass app) បានប្រាប់អ្នកព័ត៌មានថា មូលហេតុដែលគាត់បានចូលមកដឹកភ្ញៀវនៅក្នុងមុខច្រកនេះបាន គឺតំរូវឲ្យគាត់បង់លុយជាប្រចាំខែចំនួន១នាក់(ម៉ូតូ១គ្រឿង)ចំនួន២០០០បាត(ពីរពាន់បាត)ទៅ៣០០០បាត(បីពាន់បាត)ក្នុងមួយខែ ទៅឲ្យលោក វរសេនីយ៍ឯក( អ៊ុក ស្រូយ) នាយរងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទើបបានឲ្យម៉ូតូចូលដឹកភ្ញៀវបាន ហេតុដូចនេះហើយបានជាច្រកទ្វារអន្តរជាតិនៅតែមានភាពរញ៉េរញ៉ៃដដែល។
តែយ៉ាងណាមិញ ការដាក់បទបញ្ជារនេះ ហាក់បីដូចជាគ្មានប្រសិទ្ធភាពទាល់តែសោះ ព្រោះតែការប្រមូលលុយ ដាក់ខែ ចូលហោប៉ៅរបស់ខ្លួន ពីម៉ូតូឌុប និងម៉ូតូផាសស្អាប់(pass app)មិនខ្វាយខ្វល់ពីបទបញ្ជារមេ និងមុខមាត់ច្រកទ្វាអន្តរជាតិប៉ោយប៉ែតឡើយ។
បន្ទាប់ពីឃើញទិដ្ឋភាពបែបនេះហើយ ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលបញ្ជាមេមិនធំជាងលុយហើយមើលទៅ! បានជាមន្រ្តីក្រោមឱវាទមិនអនុវត្តន៍តាមបទបញ្ជាទាល់តែសោះ។
ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសុំសំនូមពទៅដល់ លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគបាលអន្តរជាតិប៉ោយប៉ែត មេត្តាចុះពិនិត្យមន្រ្តីក្រោមឱវាទផងទាន ព្រោះមន្រ្តីក្រោមឱវាទ ហាក់ដូចជាមិនគោរពតាមបទបញ្ជាទាល់តែសោះ បណ្តែតបណ្តោយឲ្យម៉ូតូឌុប ម៉ូតូផាសស្អាប់(pass app)ចូលមកដឹកភ្ញៀវមុខច្រក បង្ករភាពរញ៉េរញ៉ៃដដែល..៕