ខេត្តបាត់ដំបង ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឈ្មួញណាដែលហ៊ានរំលោភបំពានដីតំបន់៣បឹងទន្លេសាបម្ដងទៀត នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។ នេះជាប្រសាសន៍របស់អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅពេលឯកឧត្តម បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៩០ អនក្រ.បក ស្ដីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែសម្រួលផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្ដ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ឯកឧត្តម សុខ លូ មានប្រសាសន៍ទៀតថា ដោយមានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាមេឃុំ អភិបាលស្រុក រហូតដល់ខេត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិនិត្យកិច្ចការនេះឡើងវិញ ក្នុងបំណង់ចង់ឱ្យប្រជាពលរដ្ឋ ដែលអាស្រ័យផលប្រើប្រាស់យូរហើយ អាចអាស្រ័យផលប្រើប្រាស់បានលើដីតំបន់៣នេះ បន្ទាប់មកក្រុមការងាររបស់ខេត្ត ក៏បានចុះពិនិត្យផ្ទៀងផ្ទាត់ម្តងទៀត ដែលរហូតមកដល់នឹងពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យលេខ៩០ ដើម្បីកាត់ឆ្វៀលដីចំនួន៤ស្រុក មានស្រុកថ្មគោល, សង្កែ, មោងឫស្សី, និង ស្រុកឯកភ្នំ ក្នុងតំបន់មួយចំនួនដែលប្រជាពលរដ្ឋធ្លាប់រស់នៅយូរហើយ ក្នុងតំបន់៣នោះ ដូចជា កោះជីវាំង ព្រៃចាស់មួយចំនួន គឺឱ្យកាត់ឆ្វៀលជាភូមិកររបស់ពួកគាត់ ជាតំបន់១ ជាកម្មសិទ្ធិ ហើយដីរបស់ប្រជាពល រដ្ឋ អាស្រ័យផលយូរហើយ នៅក្នុងតំបន់៣ មិនឱ្យជាកម្មសិទ្ធិទេ ប៉ុន្តែកាត់ឆ្វៀលអាចប្រើប្រាស់អាស្រ័យផលបាន ។
សម្រាប់ ស្រុកមោងឫស្សីនេះ ប្រជាពលរដ្ឋដែលអាស្រ័យផល ធ្វើស្រែក្នុងតំបន់៣មានចំនួន៥ឃុំ គឺឃុំឫស្សីក្រាំង, ឃុំជ្រៃ, ឃុំតាលាស់, ឃុំកកោះ, និងឃុំព្រៃតូច ។ រដ្ឋបាលឃុំ រដ្ឋបាលស្រុក ស្នើសុំរាជរដ្ឋាភិបាលកាត់ឆ្វៀល កែសម្រួលព្រំប្រទល់ នៃតំបន់បឹងទន្លេសាបព្រំប្រទល់តំបន់៣ មកព្រំតំបន់២ ទំហំ ១ ៣២៦,១ហិកតា ស្មើនឹងប្រជាពលដ្ឋចំនួន ១៧១គ្រួសារកែសម្រួលតំបន់២មកព្រំតំបន់១ មានទំហំផ្ទៃដីសរុប ៩៨៧,៩៥ហិកតា ស្មើនឹង១ ៥៧៣ក្បាល ដី មានចំនួនគ្រួសារ ១ ២០៩គ្រួសារ ហើយរដ្ឋបាលស្រុក គ្រោងនឹងធ្វើពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីក្បាលដី មានលក្ខណៈជាប្រព័ន្ធ មានចំនួន ៥ទីតាំង គឺ ទី១-ភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង, ទី២- ភូមិដូនទ្រី ឃុំជ្រៃ, ទី៣- ភូមិទួលសាករ ឃុំតាលាស់, ទី៤- ចំណុចទួលសាករត្របែក ភូមិទួលព្រំ២ ឃុំកកោះ, និងទី៥- ចំណុចបាសឹង ភូមិថ្មី ឃុំព្រៃតូច ៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់
ដំបង)