ខេត្តបន្ទាយមានជ័យ ៖ អាងមានខ្នងបង្អែកក្រាស់គ្មានអ្នកណាហ៊ានប៉ះពាល់ ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ ពុករលួយយ៉ាងពេញទំហឹងតាមប្រភពពីមន្ត្រីគយនៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រុមមន្ត្រីគយចល័តតំបន់៥ ឈរជើងនៅទីស្នាក់ការចំណុចគល់ស្ពានទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ល្បីល្បាញខាងប្រមូលលុយតាមរបៀបពុករលួយ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាមេគយចល័តតំបន់៥ទេនោះ គឺក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា ផ្លូវជាតិលេខ៥ មិនហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃដូចសព្វថ្ងៃនេះទេហេតុនេះហើយទើបសំណូមពរឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យទៅលើអំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ខ្លះផងទាន!។
ប្រភពស្នឹទ្ធនឹងលោក ឈួន សោភា បានឲ្យដឹងថា ដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបលោក ឈួន សោភា មេគយចល័តតំបន់៥ មិនញញើតក្នុងការប្រមូលលុយតាមរបៀបពុករលួយ លោក ឈួន សោភា មិនញញើតចំពោះវិធានការណាមួយរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានោះទេ ព្រោះខ្នងបង្អែករបស់លោក ឈួន សោភា មានឥទ្ធិពលខ្លាំងជាងលោក គុណ ញឹម ទៅទៀត ជាក់ស្ដែងកន្លងមក លោក ឈួន សោភា ត្រូវបានដកហូតតំណែងត្រឹមមួយរយៈពេលខ្លីក៏អាចវិលត្រឡប់ទៅកាន់តំណែងជាមេគយចល័តតំបន់៥ឡើងវិញយ៉ាងក្រអឺតក្រទម។
តាមប្រភពអាជីវករដឹកជញ្ជូនទំនិញពីច្រកព្រំដែនខ្មែរ-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ចូលមករាជធានីភ្នំពេញ និងចូលទៅខេត្តសៀមរាបបានឲ្យដឹងថា បច្ចុប្បន្នក្រុមមន្ត្រីគយចល័តប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា ខេត្តបន្ទាយមានជ័យ នៅតែគាបយកលុយលើតុក្រោមតុពីពួកគាត់ដូចមុនដដែល។ ក្រុមមន្ត្រីគយចល័តតំបន់៥ប្រចាំស្នាក់ការចំណុចគល់ស្ពានទឹកថ្លា តែងប្រើឈ្មោះលោក ឈួន សោភា មេគយចល័តតំបន់៥ ដើម្បីការពារទង្វើមិនប្រក្រតី និងអំពើពុករលួយរបស់ពួកគេជាប្រចាំ អាជីវករសូមសំណូមពរលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអំពើអាក្រក់ និងអំពើពុករលួយរបស់លោក ឈួន សោភា មេគយចល័តតំបន់៥ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់រួចទៅហើយ៕