ភ្នំពេញ ៖ ចេញផ្សាយ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៣ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ។ ឯកឧត្តមគាំទ្រ តែចៅសង្កាត់ណា ដែលគោរពតាមច្បាប់។
ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះ នៅនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ខណៈឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់ កុំព្យូទ័រ និងព្រីនធ័រ ជូនដល់ យន្តការច្រកចេញចូលតែមួយ នៅក្នុងសង្កាត់ទាំង១០៥ នៃសាលារាជធានីភ្នំពេញ។ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ប្រជាជនយើងស៊ីវីល័យហើយ ដូច្នេះយើងជាមន្ត្រីបម្រើសេវាជូនពួកគាត់ត្រូវតែស៊ីវីល័យ ពោលគឺការផ្តល់សេវាជូនពួកគាត់ ត្រូវតែធ្វើឡើងឱ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេស កុំប៉ះពាល់លុយ កាក់ពួកគាត់ក្រៅសេវាឱ្យសោះ។
ឯកឧត្តមបន្តទៀតថា ក្នុងនាមជាមន្ត្រីបម្រើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឱ្យបានច្បាស់លាស់គឺ៖ ទី១. ត្រូវពន្លឿន ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងទី២. គឺការកាត់ ការចំណាយ របស់ប្រជាពលរដ្ឋ ពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតម្លៃក្រៅសេវាពី ប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឱ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឱ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។
ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីទាំង១៤ខណ្ឌផងដែរ ដោយលោកបញ្ជាក់ថា មន្ត្រីទាំងអស់បានបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ ស្របតាម យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានបើកកិច្ចប្រជុំធំៗជាច្រើន ទទួលបាន ជោគជ័យ។
ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែឧសភា កន្លងមកនេះ ប្រទេសកម្ពុជា ក៏បានបិទ បញ្ចប់ព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ដោយជោគជ័យ ទទួលបានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ ទាំងនេះ ពិតជាកើតឡើង ពីការចូលរួមចំណែកយ៉ាងពិតប្រាកដពីសំណាក់មន្ត្រីនៅថ្នាក់មូលដ្ឋានរបស់យើង។ សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ឃួង ស្រេង បានប្រគល់ កុំព្យូទ័រ ព្រីនធ័រ ចំនួន១០៥គ្រឿង ជូនយន្តការច្រកចេញចូលតែមួយ នៅតាមសង្កាត់ ទាំង១០៥ ដោយក្នុងមួយសង្កាត់ទទួលបានកុំព្យូទ័រមួយគ្រឿង និងព្រីនធ័រមួយគ្រឿង សម្រាប់យកទៅបំពេញការងារ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យ បានទាន់ពេលវេលា៕ ដោ
យ សួស សំរិត