ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីហែកគណនីហ្វេសប៊ុកពលរដ្ឋម្នាក់ ឆបោកម្ចាស់ផ្ទះវីងប្តូរប្រាក់មួយកន្លែងនៅក្រុងប៉ោយប៉ែត អស់ជាង៥០លានរៀល !!!

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយពីក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចហែកគណនី facebook account របស់ពលរដ្ឋ ហើយបាន ឆបោកប្រាក់ អាជីវករផ្ទះវីងប្ដូរប្រាក់អស់ជាង៥០លានរៀល និងប្រជាពលរដ្ឋផ្សេងទៀតចំនួន ១០០០ ដុល្លារ ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងនៅថា អនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តមឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងយោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វឿន វី ភេទ ប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ម្ចាស់អគារវេលុយវីងនិងប្តូរប្រាក់ និងបណ្តឹងឈ្មោះ ស៊ុន សុខ ភេទ ប្រុស អាយុ ៤៤ ឆ្នាំ រស់នៅភូមិ សឿ ឃុំ សឿ ស្រុក មង្គលបូរី ខេត្ត បន្ទាយមានជ័យ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានដឹកនាំកម្លាំង សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យ

១-ឈ្មោះ រី ឌី ភេទប្រុស។ អាយុ១៩ឆ្នាំ ២-ឈ្មោះ ចែម ដារ៉ា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ។ ៣- ឈ្មោះ ហ៊ុន លីហេង ភេទប្រុស អាយុ ២៦ ឆ្នាំ យកមកសួនាំពាក់ព័ន្ធបទល្មើសខាងលើ។

យោងបណ្តឹងជនរងគ្រោះ ឈ្មោះ វឿន វី បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០ ២៣កន្លងទៅ មានជនមិនស្គាល់អត្តសញ្ញាណប្រើប្រាស់លេខទូរស័ព្ទ ០៧១៦៣ ០៦១៦៦, ០៧១៩២១០៩៥៨, ០៧១៨៤៩៧៦០០, ០១៥៧២៧៤២៦, ០១៧៤២៨៨៧៤ បានលួចហែកគណនីហ្វេសបុករបស់ឈ្មោះ ចាន់ថៃ ឡុងគឿ ហើយឆាតទៅហ្វេសបុកឈ្មោះ Vong Vy ដោយ សរសេររៀបរាប់ថាបានផ្ញើរប្រាក់បាត់ថៃចូលក្នុងគណនីធនាគាររបស់ឈ្មោះ វឿន វី រួចរាល់ហើយ ដោយឱ្យឈ្មោះ វឿន វី ប្ដូរប្រាក់បាតទៅជាប្រាក់រៀលខ្មែរ ហើយឱ្យផ្ញើរប្រាក់បន្តទៅលេខទូរស័ព្ទ ៥ខ្សែមានលេខ ០៧១៦៣០៦១២២ ,០៧១៩៦១០៩៥៨,០៧១៨៤៩៧៦០០,០១៥៧៦៧៥៦៦, ០១៧៤២៨៨៧៤ តាមរយៈធនាគារវឹង ចំនួន១៤លើក ស្មើនឹងប្រាក់ ៥០.៨៤០.០០០ (ហាសិបលានប៉ែតសិបបួនម៉ឺន)រៀល ក្រោយពីបានវេរប្រាក់ហើយ ទើបឈ្មោះ វឿន វី បានពិនិត្យមើលប្រតិបត្តិការ តែមិនឃើញមានទឹកប្រាក់ចូល ដូចការសរសេរឆាតទេ បន្ទាប់មកឈ្មោះ រឿន វី បានទាក់ទងទៅឈ្មោះ កាយ ណារាជ ដែលជាម្ចាស់ហ្វេសបុក ឈ្មោះ ចាន់ថ ឡុងគឿ ទើបដឹងថាហ្វេសបុកឈ្មោះ ចាន់ថៃ ឡុងគឿ ត្រូវបានគេលួចហែកយកទៅឆបោក ប្រាក់ទេ ទើបដឹងថាខ្លួនចាញ់បោកគេ ។

– យោងបណ្តឹងជនរងគ្រោះ ឈ្មោះ ស៊ុន សុខ បានឲ្យដឹងថា មានម្ចាស់គណនីអេស៊ីលីដាឈ្មោះ RY DY ដែលមាន លេខកូដគណនី ០៧១៣ ៩៨៤១៣៦ បានលួចហែកគណនីហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ហើយយកទៅឆាតបោកប្រាក់ ឈ្មោះ ស៊ុន សុខ ចំនួន ១០០០ ដុល្លារ ដោយឈ្មោះ ស៊ុន សុខ និងឈ្មោះ អ៊ិន សំណាង ធ្លាប់ស្គាល់រាប់អានគ្នា ទើបឈ្មោះ ស៊ុន សុខ ព្រមផ្ទេរប្រាក់ឱ្យទៅគណនីអេស៊ីលីដាឈ្មោះ RY DY ដែលមានលេខកូដគណនី ០៧១ ៣៩ ៨៤១៣៦ ចំនួន ១០០០(មួយពាន់)ដុល្លារ ។ បន្ទាប់ពីឈ្មោះ ស៊ុន សុខ បានផ្ទេរប្រាក់រួចរាល់បានទាក់ទងទៅឈ្មោះ អ៊ិន សំណាង ទើបដឹងថាហ្វេសបុករបស់ឈ្មោះ អ៊ិន សំណាង ត្រូវបានគេលួចហែកយកទៅឆបោកប្រាក់គេ ។

បច្ចប្បន្ន ៖ ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *