ខេត្តឧត្តរមានជ័យ៖ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមការដឹកនាំដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពី លោកឧត្តមសេនីយ៍ទោ តន់ ញាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ គ្រប់បណ្តាកងឯកភាពចំណុះទាំងអស់ បានបន្តការយកចិត្តទុកដាក់ ចាត់តាំងកម្លាំងសហការជាមួយអង្គភាពមិត្តចេញយាម ល្បាតត្រួតពិនិត្យបង្គោលសីមា និងបណ្ដាចំណុចគោលដៅផ្សេងៗទៀត ដែលបានកំណត់ទុក ដើម្បីតាមដាននិងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។
លោកឧត្ដមសេនីយ៍ទោ មេបញ្ជាការ ក៏បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍ ដោយប្រើប្រាស់វិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ៕