ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ។ នេះបើយោងសេចក្តីសម្រេចលេខ ២៨ សសរ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣។
បើយោងតាមសេចក្តីសម្រេច ឯកឧត្តម ស សុខា មានភារកិច្ចត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង។
បើយោងតាមសេចក្តីសម្រេចដដែល ក្រៅពីភារកិច្ចដូចមានចែងក្នុងសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឯកឧត្តម ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងរាល់កម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជននៅទូទាំងខេត្តព្រៃវែង ផងដែរ៕អត្ថបទ ៖ IPA