ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចំនួន ៨៨០២នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារកម្មវិធីអង្គសង្ក្រានដែលប្រារព្ធធ្វើឡើងនៅតំបន់អង្គរខេត្តសៀមរាប ចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក្នុងកិច្ចប្រជុំឆ្លងផែនការការពារអង្គសង្ក្រាន្តខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ នៅនាយកដ្ឋានអង្គរក្ស។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចចម្រុះប្រមាណ ៨៨០២នាក់នេះ មកពី១២អង្គភាព និងស្ថាប័ន រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ បញ្ជាការដ្ឋានអង្គរក្ស និងបញ្ជាការដ្ឋានជាតិប្រឆាំងភេរវកម្ម ដែលនឹងត្រូវដាក់ពង្រាយនៅតាមបណ្តាគោលដៅសំខាន់ចំនួន ៦ទីតាំង ដើម្បីការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់ និងជួយសម្រួលចរាចរណ៍ដល់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ ដែលចូលរួមលេងកម្សាន្តសប្បាយក្នុងកំឡុងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។
បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានអះអាងដែរថា ទីតាំងដែលត្រូវបានដាក់តម្លាំងត្រៀមការពាររួមមាន បរិវេណប្រាសាទអង្គវត្ត បរិវេណប្រាសាទបាយ័ន លានជល់ដំរី ទីតាំងអង្គឃ្យុងយូ ដងស្ទឹងខេត្តសៀមរាប និងសួនច្បារមុខព្រះរាជដំណាក់ ដែលជាទីតាំងប្រារព្ធពិធីសប្បាយ និងប្រារព្ធពិធីផ្សេងៗរួមមានប្រមាណ ៤៤កម្មវិធី ដែលមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋភ្ញៀវជាតិ-អន្តរជាតិ ចូលរួមលេងកម្សាន្តសប្បាយ។
សូមបញ្ជាក់ថា ឆ្នាំ២០២៣ ជាខួប១០ឆ្នាំនៃការប្រារព្ធព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រាប់ឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ក្ដីស្រមៃ និងក្តីសង្ឃឹម” ដែលនឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរ មករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងសិល្បៈទស្សនីយភាពជាច្រើនទៀត។
លើសពីនេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត២០២៣ ក៏គ្រោងនឹងរម្លឹកឡើងវិញនូវអនុស្សាវរីយ៍នៃសកម្មភាព និងកម្មវិធីទាក់ទាញជាច្រើន ដែលធ្លាប់ត្រូវបានរៀបចំក្នុងអង្គរសង្ក្រាន្តនាឆ្នាំមុនៗ ដូចជាការបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សូនម្ដងទៀត ដែលនឹងមានអ្នកចូលរួមរាំលើសពី ២០១៥នាក់ ដែលជាចំនួនកំណត់ត្រាឯតទគ្គកម្មពិភពលោកកាលពីឆ្នាំ២០១៥ និងការរៀបចំកម្មវិធីអន្សមយក្សឡើងវិញ។ ក្រៅពីការរម្លឹកអនុស្សាវរីយ៍ដែលជាកម្មវិធីធំៗ ក្រុមការងារក៏គ្រោងដាក់តាំងបង្ហាញឡើងវិញនូវវត្ថុសិប្បកម្មយក្ស ដែលជាកំណត់ត្រាថ្នាក់ជាតិជាច្រើនក្នុងបរិវេណកម្មវិធីភូមិខ្ញុំ និងតាមកម្មវិធីផ្សេងៗ ដែលមានដូចជា ព្រ័ត្រយក្ស អុកយក្ស កន្ត្រងប្រហុកយក្ស បំពង់ទឹកត្នោតយក្ស ចាប៉ីដងវែងយក្ស សម្បុកពងមាន់យក្ស អង្កេតយក្ស មួកស្លឹកត្នោតយក្ស ព្រះភ័ក្ក្រហនុមានយក្ស និងគោមផ្កាយយក្ស ជាដើម។
ទន្ទឹមនេះក៏មានការនាំត្រឡប់មកវិញនូវតួអង្គនិមិត្តរូបនៃអង្គរសង្ក្រាន្តទាំងអស់តាមឆ្នាំនីមួយៗ មកជួបជុំគ្នាឡើងវិញ។ បន្ថែមលើនេះ ដើម្បីបង្កើនភាពរីករាយដល់មហាជនចូលរួម ក្រុមការងាររៀបចំព្រឹត្តិការណ៍ក៏បានបន្ថែមនូវកម្មវិធីមួយទៀតនៅបរិវេណដងស្ទឹងសៀមរាប ដូចជាកម្មវិធី អុំទូកកម្សាន្ត កម្មវិធីពិព័រណ៍ផលិតផល និងម្ហូបអាហារ និងការប្រគំតន្ត្រីលើពីសបណ្ដែតទឹកផងដែរ៕
អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា