លោកផ្កាយ២ សូយ ចាន់សឿន ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ !!!
ចេញផ្សាយ:ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១
ដោយ: គេហទំព័រ ខេមបូឌាស្តាដេលីញូយ៍
ខេត្តកំពង់ស្ពឺ ៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន មន្ត្រីយោធាផ្កាយ២ឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា អាយុ៤៨ឆ្នាំ មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍអគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធការប្រើអំពើហិង្សាទៅលើស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បើយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលបណ្ដាញព័ត៌មានទទួលបាន នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២១នេះ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ចាប់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ដែលមានឈ្មោះថា ឌួង ហេម៉ាលីស តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដោយចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់» ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមមាត្រា២១៨និងមាត្រា២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ។
យោងតាមពាក្យបណ្តឹង របស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានរៀបរាប់ថា កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនអោយជនរងគ្រោះស្រែក និង គំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះ បានរៀបរាប់បន្តទៀតថា លោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាននៃ ក្រសួងការពារជាតិ រហូតដល់ម៉ោង៧យប់ ទើបមានសមត្ថកិច្ចនគរបាលចុះមកអន្តរាគមន៍រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះសំណូមពរអោយតុលាការ ចាប់ខ្លួននិងឃុំខ្លួន លោកផ្កាយ២ សូយ ចាន់សឿន និង ទាមទារថ្លៃសំណងព្យាបាលរបួសចំនួន១លានដុល្លារ ព្រមទាំងជំងឺចិត្តចំនួន១លានដុល្លារ ៕