ចេញផ្សាយ ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងជាបន្តទៀត នៅប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ដោយប្រទេសហ្វីលីពីន ជាប្រទេសទី២ បន្ទាប់ពីប្រទេសវៀតណាម ដែលរត់ពិធីភ្លើងគប់របស់កម្ពុជា នៅតំបន់អាស៊ីអាគ្នេយ៍។
ពិធីរត់ភ្លើងគប់នេះមានការអញ្ជើញចូលរួមដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិ CAMSOC, ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហ្វីលីពីន, លោក Abraham Tolentino ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីន, លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន និងឯកឧត្តមលោកជំទាវ ជាអង្គទូតនៃបណ្ដាប្រទេសអាស៊ានប្រចាំសាធារណរដ្ឋហ្វីលីពីន ព្រមទាំងអត្តពលិក និងការគាំទ្រពីប្រជាជនហ្វីលីពីន។
ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីនបានលើកឡើងថា ការដង្ហែភ្លើងគប់កីឡានៅទីក្រុងតាកាយតាយ ប្រទេសហ្វីលីពីននេះទទួលបានការគាំទ្រពីរដ្ឋាភិបាលហ្វីលីពីន គណៈកម្មាធិការអូឡាំពិកហ្វីលីពីន និងគណៈកម្មាធិការប៉ារ៉ាអូឡាំពិកហ្វីលីពីន រួមទាំងអភិបាលក្រុង ដែលជំរុញការរត់ភ្លើងគប់នេះមានភាពអធិកអធម។ ឯកឧត្ដមបានបន្ដថា ព្រឹត្តិការណ៍ថ្ងៃនេះ ឆ្លុះបញ្ចាំងយ៉ាងល្អអំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលប្រជាជនកម្ពុជា និងហ្វីលីពីន ជាពិសេសក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ ឯកឧត្ដមឯកអគ្គរាជទូតបានបន្ថែមថា នេះក៏ជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការស្រឡាញ់ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យកាន់តែរីកចម្រើន និងវិបុលភាពនៃប្រទេសទាំង២ និងសហគមន៍អាស៊ាន។
ឯកឧត្តម ហោ សារុន បានសម្ដែងក្តីរីករាយ ដែលរដ្ឋាភិបាលហ្វីលីពីនបានជួយរៀបចំព្រឹត្តិការណ៍ដ៏សំខាន់បែបនេះឡើង។ ឯកឧត្ដមបានចាត់ទុកថា នេះជាការប្រារព្ធការដង្ហែភ្លើងគប់កីឡា នៅតាមបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយព្រះអគ្គិជ័យកីឡានេះ គឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។
ឯកឧត្ដមបានថ្លែងបញ្ជាក់ថា៖ «ការប្រារព្ធពិធីរត់ដង្ហែព្រះអគ្គិជ័យកីឡា នៅទីក្រុងតាកាយតាយ ដែលជាទីក្រុងទេសចរណ៍ដ៏មានប្រជាប្រិយភាព នៅពេលនេះ គឺជាការជ្រើសរើសដ៏ល្អមួយ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងវិស័យកីឡា និងវិស័យទេសចរណ៍។ ជាការពិតណាស់វិស័យកីឡា និងវិស័យទេសចរណ៍ គឺជាវិស័យ២ ដែលមានទំនាក់ទំនងគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»៕ ដោយ៖ ហេង ណាលីន, រូបថត៖ ខឹម សុវណ្ណារ៉ា