ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែន លេខ៥០៣ ដែលជានាយទាហានដ៏ឆ្នើម ឆ្លងកាត់សមរភូមិប្រយុទ្ធរាប់មិនអស់ រហូតប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន បានទទួលមរណៈភាពហើយកាលពីទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង នៅក្នុងបន្ទាយទីបញ្ជាការភ្នំខ្លែងពណ៌ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
តាមការអោយដឹងពី សមត្ថកិច្ចស្រុកស្វាយចេក បានអោយដឹង តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦នេះថា លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនគោកលេខ៥០៣ ពិតជាទទួលមរណៈភាពហើយ នៅចន្លោះម៉ោង៤ ទៅម៉ោង៥ ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅនឹងបន្ទាយរបស់លោក ដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងដោយខ្សែពណ៌ខ្មៅ ក្នុងឯកសណ្ឋានអាវពណ៌ស ខោជើងវែង នៅលើកៅអី ។
យោងតាមប្រភពសមត្ថកិច្ចជំនាញ បានអោយដឹងថា មុនពេលកើតហេតុ គេឃើញលោកមេបញ្ជាការ អង្គុយនឹងកៅអី នៃកន្លែងកើតហេតុ ដូចរាល់ដងដែលគាត់ហាត់ប្រាណ តែក្រោយមកក៏ឃើញម្តងទៀត ទើបដឹងថាគាត់បានធ្វើអត្តឃាតស្លាប់បាត់ហើយ ។
សមត្ថកិច្ចមិនបានបញ្ជក់ពី មូលហេតុនៃការធ្វើអត្តឃាតនេះទេ តែតាមការពិនិត្យលើសាកសព ពិតជាការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាដកមែន ។
ការស្លាប់របស់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ក្នុងអាយុ៥៨ឆ្នាំ មានទីលំនៅភូមិបន្ទាយថ្មី ឃុំអូបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ មានកូនចំនួន០៥នាក់ ប្រុស០៤នាក់ ស្រី០១នាក់ ប្រពន្ធឈ្មោះសុខ ណៃ អាយុ៥៨ឆ្នាំ ។
តាមប្រភពនានា បានឲ្យដឹងថា មួយរយៈចុងក្រោយ មុនកើតហេតុ គាត់តែងកើតទុក្ខ និងនិយាយរឿងជំពាក់ប្រាក់គេច្រើន ។
ទោះជាក្នុងហេតុផលអ្វីក៏ដោយ អ្នកដែលស្គាល់លោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មិនថាកូនចៅលោក ឬមិត្តរួមការងាររបស់លោក និងថ្នាក់ដឹកនាំទេ សុទ្ធតែសោកស្តាយខ្លាំង ចំពោះការបាត់បង់នាយទាហានដ៏ឆ្នើម ៕