ភ្នំពេញ ៖ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កីឡាការិនីជម្រើសជាតិកម្ពុជាលើប្រភេទកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបង្ហាញពីការត្រៀមខ្លួនយ៉ាងល្អ ក្នុងការចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ក្នុងនាមជាកូនខ្មែរមួយរូប និងក្នុងនាមជាកីឡាការិនីមួយរូប ស្រួង ភាវី ពិតជាមានក្តីរំភើបរីករាយ និងមោទនភាពជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិ ក៏ដូចជារួមចំណែកលើកស្ទួយវិស័យកីឡាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។
ឆ្លើយឆ្លងតាមប្រព័ន្ធសារអេឡិចត្រូនិកពីសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ដែលបានថ្លែងប្រាប់ទីភ្នាក់សារព័ត៌មានកម្ពុជា AKP កីឡាការិនីដ៏ឆ្នើម ស្រួង ភាវី បានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់នាងខ្ញុំផ្ទាល់ ក៏អាចចាត់ទុកថាជាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងនាមជាកីឡាការិនីប៊ីយ៉ាការ៉ុម ដើម្បីត្រៀមបង្កើតថ្វីដៃ។ ការបង្ហាញវត្តមានប្រភេទកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះក៏ចង់ចូលរួមបំផុសស្មារតីដល់ប្រជាជនខ្មែរ ឱ្យចូលរួមគាំទ្រដល់កីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។ បន្ថែមពីលើនេះ កីឡាការិនី ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះគូសបញ្ជា់បន្ថែមថា កាលពីពេលកន្លងទៅ គ្រាន់តែទទួលបានដំណឹងថា នាងខ្ញុំបានចូលរួមប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា គឺថាបេះដូងនាងខ្ញុំមានក្តីរំភើបឥតឧបមា ហើយដំណឹងនេះបានផ្តល់ថាមពលកម្លាំងដ៏ធំមួយសម្រាប់នាងខ្ញុំ និងបានប្រាប់ខ្លួនឯងថា ពិតជាអស្ចារ្យខ្លាំងណាស់ ស្របពេលដែលប្រជាជនខ្មែរទាំងអស់បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងនាមជាប្រជាជនម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា»។
ត្រៀមខ្លួន ក៏ដូចកំពុងដុសខាត់សមត្ថភាពបន្ថែមលើប្រភេទកីឡាប៊ីយ៉ាការ៉ុមនេះលោកស្រី ស្រួង ភាវី ទើបនឹងក្តោបក្តាប់ជ័យលាភីជាម្ចាស់ចំណែងជើងឯកពិភពលោក (LPBA World Championship 2023) នៅប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ក្រោយពីឆ្នងកាត់ការប្រកួតជិត ៣ម៉ោង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត៧សិត ជាមួយម្ចាស់ដំណែងការពារជើងឯក Ga-young Kim។
លោកស្រី ស្រួង ភាវី ធ្លាប់ដណ្តើមបានពានរង្វាន់អន្តរជាតិជាច្រើនជាបន្តបន្ទាប់ ប៉ុន្តែលោកស្រីតែងតែប្រកួតតំណាងឱ្យប្រជាជាតិខ្មែរ ដោយរាល់ដងលោកស្រីតែងតែបង្ហាញទង់ជាតិកម្ពុជា ក្នុងពេលប្រកួត និងពេលទទួលបានពានរង្វាន់ម្តង២។
«ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានដាក់បញ្ជូលនូវវិញ្ញាសាប៊ីយ៉ាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្ត រំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន»។ លោកស្រី ស្រួង ភាវី បានបញ្ជាក់បន្ថែម។
ក្រៅពីការប្រកបអាជីបកីឡា កីឡាការិនីដ៏ឆ្នើម ដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំរូបនេះ បានរស់នៅកូរ៉េខាងត្បូងជាង១០ឆ្នាំមកហើយ និងបានចែករំលែកប្រាក់រង្វាន់របស់ខ្លួនបូករួមទាំងការស្វែងរកពីបណ្តាសប្បុរសជននានានៅទីនោះ ជួយដល់កិច្ចការសង្គមកម្ពុជាជាបន្តបន្ទាប់។ លោកស្រីលើកឡើងថា ទោះបីលោកស្រីរស់នៅទីណាក្តី ក៏លោកស្រីមិនដែលភ្លេចពីការចែករំលែកក្តីស្រឡាញ់របស់ខ្លួន ក្នុងការរួមចំណែកជួយដល់កិច្ចការសប្បុរសធម៌ នៅស្រុកកំណើតរបស់ខ្លួនដែរ។ លើសពីនេះទៀត រាល់ការប្រកួតនៅកូរ៉េខាងត្បូង ក៏លោកស្រីតែងតែប្រកួតតំណាងឱ្យប្រទេសកម្ពុជាគ្រប់ពេលវេលាផងដែរ ដោយសារគ្រប់ការប្រកួតទាំងនោះតែងតែដាក់តាំងបង្ហាញនូវទង់ជាតិកម្ពុជាជានិច្ច។ លោកស្រីបានឱ្យដឹងបន្ថែមថា៖ «ខ្ញុំអរគុណបងប្អូនជនជាតិខ្មែរ និងសប្បុរសជននានា ដែលតែងតែបន្តគាំទ្រនិងផ្ដល់កម្លាំងចិត្តដល់ខ្ញុំ។ បុព្វហេតុគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ ព្រោះមាតុភូមិនេះហើយបានផ្ដល់កំណើតដល់ខ្ញុំ»។
ជាមួយនឹងកិច្ចការចូលរួមជួយដល់ការងារសង្គមជិត១០ឆ្នាំមកនេះ ត្រូវបានលោកស្រី ស្រួង ភាវី បានអះអាងថា កន្លងទៅលោកស្រីបានមកលេងស្រុកកំណើត ក្នុង១ឆ្នាំៗ ២ដង ហើយចំណាយថវិកាផ្ទាល់ខ្លួនចន្លោះពី ២ម៉ឺន ទៅ៣ម៉ឺនដុល្លារអាម៉េរិក បូករួមទាំងថវិកាដែលប្រមែប្រមូលបានពីសប្បុរសជនផ្សេងៗទៀត។ នៅក្នុងឆ្នាំ២០២១កន្លងមកនេះ លោកស្រីមិនបានមកកម្ពុជា ប៉ុន្តែលោកស្រីតែងតែផ្ញើថវិកាផ្ទាល់ខ្លួន ពី ៤ ០០០ ដុល្លារ ទៅ ៥ ០០០ ដុល្លារអាម៉េរិក មកជួយដល់ការងារសប្បុរសធម៌ តាមរយៈគម្រោងមូលនិធិនៅកម្ពុជា៕ ដោយ៖ ហេង ណាលីន និង អ៊ុន រិទ្ធី រូបថត៖ ផ្តល់ជូនដោយលោកស្រី ស្រួង ភារី