រាជធានីភ្នំពេញ ៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់លោក គឹង ពុធតារា ប្រធាននាយកដ្ឋានផែនការ គណនេយ្យ និងហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងព័ត៌មាន ត្រូវបន្តស្មារតីសាមគ្គីភាពឱ្យបានរឹងមាំ។
ការជំរុញបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នៅក្នុងឱកាសនៃពិធីប្រកាសនិងផ្ទេរភារកិច្ចជាប្រធាននាយកដ្ឋានថ្មី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយចំពោះការតែងតាំងមន្រ្តីវ័យក្មេង គឺលោក គឹង ពុធតារា សម្រាប់ទទួល ការងារ ផ្នែកផែនការ គណនេយ្យ និងហិរញ្ញកិច្ច ហើយឆ្លៀតឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏ថ្លែងការកោតសរសើរចំពោះ លោក លន់ ហួរ ដែលបានជួយក្នុងកិច្ចការងារផ្នែកគណនេយ្យនេះ តាំងពីការបង្កើតក្រសួងព័ត៌មានឡើងដំបូងមកដល់ពេលបច្ចុប្បន្ននេះ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ជាជំហានបន្ដបន្ទាប់ទៅមុខទៀត នាយកដ្ឋានផែនការ គណនេយ្យ មានភារកិច្ច និងមានការងារធំៗ ជាច្រើនដែលត្រូវធ្វើ ហើយទាមទារមន្រ្តីដែលមានជំនាញ និងចំណេះដឹងសុីជម្រៅ ដើម្បីធ្វើការដោះស្រាយបញ្ហា រៀបចំផែនការ ផ្នែកហិរញ្ញវត្ថុ ដែលអាចឱ្យរាល់កិច្ចការងាររបស់ក្រសួងបានដំណើរការទៅដោយរលូន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្តដល់ ប្រធាននាយកដ្ឋានថ្មី ត្រូវបន្តស្មារតីសាមគ្គីភាព ឱ្យបានរឹងមាំ ហើយត្រូវចងចាំឱ្យច្បាស់ពាក្យថា មេ ដំបូងបំផុតត្រូវចេះបង្រួបបង្រួមគ្នា មិនត្រូវរុញកូនចៅណាម្នាក់ចេញនោះទេ គឺត្រូវរុញចូលមកវិញ ហើយសាមគ្គីភាពល្អ សំខាន់គឺយុត្តិធម៌ ។ ដូច្នេះហើយ សម្រាប់លោក គឹង ពុធតារា មិនមែនជាមន្ត្រីថ្មីមកពី ខាងណានោះទេ គឺជាអ្នកដែលបំពេញកិច្ចការងារក្នុងផ្នែកនេះជាយូរមកហើយផងដែរ ដែលអាចដឹង និងធ្វើកិច្ចការងារផ្នែក ផែនការ គណនេយ្យ និងហិរញ្ញកិច្ច ប្រកបដោយផ្លែផ្កា និងលទ្ធផលថ្មីៗបន្តទៅមុខទៀត ៕ អត្ថបទ៖ លោកស្រី ប៉ុង សុភាវី វិទ្យុជាតិកម្ពុជា, ផ្សាយដោយ៖ កន ចំណាន