ចេញផ្សាយ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្វាយចន្ទីជាដំណាំឧហ្សាហកម្មរយៈពេលវែង ដែលមិនរើសដី ងាយស្រួលដាំដុះ ធន់នឹងអាកាសធាតុ ដែលឃើញមានភាគច្រើនដាំដុះនៅតំបន់ខ្ពង់រាប នៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនៈគីរី ស្ទឹងត្រែង ក្រចេះ ព្រះវិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ កោះកុង។ ដំណាំស្វាយចន្ទីក៏មានការដាំដុះនៅតាមតំបន់វាលទំនាបមិនលិចទឹកផងដែរ ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ព្រៃវែង បន្ទាយមានជ័យ និងខេត្តសៀមរាប។
ស្វាយចន្ទីជាដំណាំឧហ្សាកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។
បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និងទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦ តោន។
គិតត្រឹមខែតុលាឆ្នាំ២០២២ មានគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៤៦៩ ៥១៥,១៥តោន បានចរាចរលើទីផ្សារអន្តរជាតិជាច្រើនប្រទេសដូចជា ប្រទេសវៀតណាម (៤៦៧ ៣០១,២២ តោន) ប្រទេសថៃ (២ ០៥០ តោន) ប្រទេសឥណ្ឌា (១៥០,១៦ តោន) ប្រទេសចិន (១៣,៥៨តោន) ប្រទេសជប៉ុន (០,១៤តោន) និងប្រទេសហ្វីលីពីន (០,០៥តោន)។ ដោយឡែក គ្រាប់ស្វាយចន្ទីកែច្នៃរួចសរុបចំនួន ៥៩៩,៩៣តោន បាននាំចេញទៅប្រទេសថៃ (២៦៤,៤៤តោន) ប្រទេសចិន (២២៩,៨៤តោន) ប្រទេសជប៉ុន(៧៤,៤៣តោន) កោះតៃវ៉ាន់ (២៤តោន) ប្រទេសកូរ៉េ (៧,១០តោន) និងប្រទេសស្វីស (០,១២តោន)៕ ប្រភព៖ ទទក សម្រួលផ្សាយដោយ៖ ធូ កុសល