ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំងថ្នាក់ដឹកនាំ យោធភូមិភាគទី៥ ទទួលស្វាគមន៍គណៈប្រតិភូរកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ដែលអញ្ជើញប្រជុំពិភាក្សាការងារដើម្បីពង្រឹងសម្ព័ន្ឋមេត្រីភាព នៅទីបញ្ជាការយោធភូមិភាគទី៥។
ឧត្តមនាវីត្រី ថើតគៀត ចីត្តកែវ មេបញ្ជាការរងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត បានសម្តែងនូវមនោសញ្ចេតនានឹករលឹក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ ដែលទទួលរាក់ទាក់យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម ព្រមទាំងគណៈប្រតិភូដែលរួមដំណើរមកក្នុងថ្ងៃនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាស៍ថា ក្នុងកិច្ចប្រជុំពិភាក្សាលើកនេះ ជាការរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព សម្ព័ន្ធមេត្រីភាព ដើម្បីជាប្រយោជន៍រួម និងរក្សាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៃភាគីយើងទាំងពីរដែលមានភូមិផងរបងជាមួយគ្នា ការធ្វើដំណើរមកបំពេញទស្សនកិច្ចនៅទីបញ្ជាការក្នុងថ្ងៃនេះ គឺដើម្បីអភិវឌ្ឍសម្ព័ន្ធមេត្រីភាព និងទំនាក់ទំនងពិភាក្សាការងារគ្រប់យ៉ាងជាមួយគ្នាដែលយោធភូមិភាគទី៥ និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត ជាអង្គភាពដែលមានតំបន់ទទួលខុសត្រូវតាមបណ្ដោយព្រំដែនជាប់គ្នា ២ខេត្ត គឺខេត្តច័ន្ទបុរី និងខេត្តត្រាត ដោយសារការទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានេះហើយ ទើបធ្វើឱ្យបញ្ហានានាដែលកើតឡើងនៅតាមបណ្ដោយព្រំដែននៃខេត្តយើងទាំងពីរត្រូវបានដោះស្រាយដោយរលូននិងជោគជ័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងកិច្ចប្រជុំពិភាក្សារបស់យោធភូមិភាគទី៥ ជាមួយកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាតក្នុងថ្ងៃនេះ គឺបង្ហាញឲ្យឃើញនូវភាពស្មោះស្ម័គ្រ និងជាមិត្តភក្កិដ៏ល្អតាំងពីអតីតកាលមកដល់បច្ចុប្បន្ន និងជារៀងរហូតតទៅ យើងនឹងឈានទៅមុខជាមួយគ្នាក្រោមកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក រួមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែននៃប្រទេសយើងទាំងពីរឲ្យរស់នៅដោយភាពសុខសាន្ត៕