ភ្នំពេញ ៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣ អាហារូបករណ៍ ស សុខា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ១០០% លើថ្លៃសិក្សា ចំនួន ១០០កន្លែង ដល់សិស្ស-និស្សិត ដែលមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ សិក្សានៅសាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារប្រតិបត្តិអាហារូបករណ៍ ស សុខា បានបញ្ជាក់ថា អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ សម្រាប់ការចូលលើកទី១ និងបន្តទទួលពាក្យរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រាប់ការចូលរៀនលើកទី២ និងលើកទី៣ ។
យោងតាមសេចក្តីជូនដំណឹងដដែល ចំពោះកាលបរិច្ឆេទចូលរៀន មានចំនួន ៣លើក គឺលើកទី១. ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ លើកទី២. ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ លើកទី៣. ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ជូនដែរថា សាកលវិទ្យាល័យ អាយអាយស៊ី នៃបច្ចេកទេស មានទីតាំងនៅអគារលេខ៦៩ ផ្លូវបេតុង (តាមបណ្តោយផ្លូវជាតិលេខ១) ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕
ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោម។