ភ្នំពេញ ៖ ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៣ លោកជំទាវ ជា ស៊ីណា ឃួង ស្រេង ប្រធានក្រុមការងារសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានលើកទឹក ចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោ ចំនួន៣៨០គ្រួសារ ត្រូវមានក្តីសង្ឃឹមជានិច្ច និងត្រូវជឿជាក់លើការដឹកនាំដ៏ត្រឹម ត្រូវរបស់ ប្រមុខរាជរដ្ឋាភិបាល ដោយមិនត្រូវអស់សង្ឃឹម ឬបោះបង់ចោលការតស៊ូក្នុងឆាក ជីវិតឡើយ ដរាបណាប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍ បងប្អូនប្រជា ពលរដ្ឋក្រីក្រ នៅតែមានឱកាសយ៉ាងពេញលេញ ក្នុងការពូនជ្រុំសេដ្ឋកិច្ចគ្រួសារបង្កើន ចំណូលជីវភាព និងការគាំទ្រយកចិត្តទុកដាក់ជាប់ជាប្រចាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង លើកទឹកចិត្តបែបនេះ ខណៈលោកជំទាវនាំយក អំណោយកាកបាទក្រហមកម្ពុជា និងអំណោយសប្បុរសជន មកចែកជូនពលរដ្ឋចំនួន ៣៨០គ្រួសារ ប្រកបរបរជាអ្នករើសអេតចាយនៅទីលានចាក់សំរាមដង្កោ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ។
លោកជំទាវ ជា ស៊ីណា ឃួង ស្រេង មានប្រសាសន៍ថា សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំ នៃរដ្ឋបាលរាជធានីភ្នំពេញ ជានិច្ចកាលតែងតែបានគិតគួរ និងយកចិត្តទុកដាក់ ចំពោះបងប្អូន ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ទីណាមានទុក្ខលំបាក គឺមានសម្ដេចទាំងទ្វេ។
លោកជំទាវបានបញ្ជាក់ផងដែរ អំណោយដែលត្រូវចែកជូននាពេលនេះ មិនអាចសម្រាលជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រឱ្យរួចផុតពីទុក្ខលំបាក បានទាំង ស្រុងនោះទេ ប៉ុន្តែសកម្មភាពនេះបានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ សម្រាលការ លំបាក វប្បធម៌ នៃការចែករំលែក និងជាការចូលរួមគាំពារដោះស្រាយ ដោយផ្ទាល់ ជួយដល់ ប្រជាពលរដ្ឋ ក្រីក្រ ដោយគ្មានការរើសអើង ស្របតាមអនុសាសន៍ ដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី ពោល គឺ មិនត្រូវទុកឱ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយដាច់បាយឡើយ។
ក្នុងឱកាសនោះ លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរ ពីសុខភាព រស់នៅមានអនាម័យ បន្តចូលរួមទប់ស្កាត់ និងការពារជំងឺរាតត្បាតកូវីដ-១៩ ទាំង អស់គ្នា ព្រោះវាមិនទាន់ទៅឆ្ងាយពីយើងគ្រប់គ្នានៅឡើយទេ។លោកស្រី គឹម ញឹប ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និង ជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានបញ្ជាក់ថា បងប្អូនប្រកបរបររើសសំរាម នៅទីលានចាក់សំរាមដង្កោទាំង ៣៨០គ្រួសារនេះ ក្នុងនោះមកពីខណ្ឌមានជ័យចំនួន ៨៣ គ្រួសារ មកពីស្រុកស្អាងខេត្តកណ្តាលចំនួន១៤គ្រួសារ និងមានក្នុងខណ្ឌដង្កោចំនួន ២៨៣ គ្រួសារ។ លោកស្រីបន្តថា កន្លងមកបងប្អូនប្រជាពលរដ្ឋទាំងនេះ ធ្លាប់បានទទួល អំណោយចំនួន ៥លើករួចមកហើយផងដែរ៕