ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព អគ្គីភ័យដែលកំពុងឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ Poipet Resort នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
គិតត្រឹមម៉ោង៤:០០នាទី រសៀលនេះ ភ្លើងហាក់ថមថយតែមិនទាន់រលត់នៅឡើយទេ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តបញ្ជូនរថយន្តពន្លត់អគ្គីភ័យ និងកម្លាំងនគរបាលទៅកាន់ទីកន្លែងកើតហេតុជាបន្តបន្ទាប់។
ពេលនេះ អាជ្ញាធរបានបន្តអន្តរាគមន៍ និងបានបញ្ជូនក្រុមសង្គ្រោះទាំងកម្ពុជា និងថៃ ចូលរុករកក្រែងមានមនុស្សជាប់គាំង ចំពោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានបញ្ជូនទៅតំកល់ទៅនៅវត្តស្រះត្រាច៕