ខេត្តព្រៃវែង ៖ ពិតជាមានអំណាចធំមែនកាស៊ីណូមានយីហោ CASINO HOTEL HERO.777 ចាប់ដំណើរការបើកល្បែងបញ្ជល់មាន់អាប៉ោង ឲ្យពលរដ្ឋខ្មែរ និងជនអន្តោប្រវេសន៍ចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពពាក់ពពូន អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាបនោះទេ សម្ងំទទួលផលប្រយោជន៍ ជាថ្នូរនិងការមិនបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិប្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច បានឲ្យដឹងថា កាស៊ីណូដែលជ្រកក្រោមស្លាកយីហោ CASINO HOTEL HERO.777កំពុងបេីកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងភ្នាល់ដាក់លុយសុីសងខុសច្បាប់រហូតរាប់រយពាន់ដុល្លារ ដូចជា បញ្ជល់មាន់ បៀរ អាប៉ោង យ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រៃវែងទាំងមូលរក្សាភាព ស្ងៀមស្ងាត់។
ល្បែងស៊ីសងនេះ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូCASINO HOTEL HERO.777បេីកល្បែងបញ្ជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀត លេងក្នុងមូលដ្ឋានរបស់ខ្លួនឡេីយ ព្រោះល្បែងស៊ីសងជាដើមចមអាចកេីត អំពើចោរ លួច ឆក់ ប្លន់ ជា អំពេីហឹង្សាក្នុងគ្រួសារ គ្រឿងញៀនរីករាលដាលគួរជាការកត់សម្គាល់ រីឯសមត្ថកិច្ចពាក់ព័ន្ធ មិនបានចាត់វិធានការបង្រ្កាប ឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ដែលក្រសួងមហាផ្ទៃដាក់ចុះមក។
ហេតុនេះ លោក ជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោក ព្រំុ សន្ធរ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមិនគួរមេីលរំលងភាពអសកម្មរបស់ លោក ភុន សម្ផ័ស្ស អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេង ហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច នោះទៀតទេ ព្រោះបណ្តោយឲ្យមានល្បែងបញ្ជាល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរ ចូលលេងក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងអាណាធិបតេយ្យ។ជាក់ស្ដែងនៅថ្ងៃទី១៧ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង៣.០០នាទី អង្គភាពយើងខ្ញុំធ្វើការទំនាក់ទំនងទៅលោកអធិការ ជៃ សេងហ៊ាង និងលោក ព្រុំ សន្ធរ ស្នងការខេត្តទាំងពីរខ្សែរតែខលចូលហើយពុំមានអ្នកទទួលនេះទេបញ្ជាក់ថាសមត្ថកិច្ចពាក់ព័ន្ធប្រហែលជាបានសើមមាត់សើមករហើយមើលទៅ។
ប្រជាពលរដ្ឋ រស់នៅភូមិប្រោះស្នា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេចនិងភូមិជាប់មូលដ្ឋានខាងលើ ធ្វើការអំពាវនាវដល់ លោក នេត សា វឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម សុខផល អគ្គលេខាក្រសួងមហាផ្ទៃ ចាត់មន្ត្រីពាក់ព័ន្ធក្នុងខេត្តព្រៃវែង ពិនិត្យឡេីងវិញជាបន្ទាន់ ចំពោះភាពមិនប្រក្រត្រី របស់បុគ្គលដែលហ៊ាន បេីកល្បែងបញ្ជាល់មាន់ខ្នាតយក្សបង្កប់ក្នុង កាស៊ីណូមានយីហោCASINO HOTEL HERO.777ចាត់វិធានការបង្រ្កាបនិងបង្ក្រាប ដេីម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋមូលដ្ឋានផងទាន៕