រដ្ឋមន្រ្ដីក្រសួងព័ត៌មានជំរុញដល់មន្រ្តីជំនាញ និងថ្នាក់ដឹកនាំពិនិត្យវាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន !!!
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដល់មន្រ្តីជំនាញ និង ថ្នាក់ដឹកនាំក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ក្នុងការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពផ្សព្វផ្សាយព័ត៌មាន ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមប្រព័ន្ធជាលក្ខណៈ Hybrid និងតាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា៖ ការពិនិត្យ វាយតម្លៃ ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះអង្គភាពសារព័ត៌មាននេះ ត្រូវបង្កើតគណៈកម្មការមួយ ដែលមានការចូលរួមពីតំណាងក្រសួងព័ត៌មាន និងតំណាងសមាគមសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈនៅកម្ពុជា ដើម្បីធ្វើការពិនិត្យវាយតម្លៃអំពីក្រមសីលធម៌ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ។
ទន្ទឹមនេះ ធ្វើការតម្រង់ទិសដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពសារព័ត៌មាន អោយបានយល់កាន់តែច្បាស់ពីក្រមសីលធម៌ និងវិជ្ជាជីវៈច្បាប់ លិខិតបទដ្ឋានគតិយុត្ដ ទាំងជាតិ និងអន្តរជាតិ ដែលមានជាធរមាន ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនដល់សាធារណជនទូទៅ ប្រកបទៅដោយវិជ្ជាជីវៈត្រឹមត្រូវ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសិក្ខាសាលា ស្តីអំពីរបៀបផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ជូនដល់មន្រ្តីនៃមន្ទីរព័ត៌មានខេត្ត រាជធានី ទាំង ២៥ តាមរយៈបទពិសោធន៍ ដែលទទួលបាន កាលពីសិក្ខាសាលាកន្លងមកនេះ ជាមួយទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik សហការជាមួយក្រសួងព័ត៌មានកម្ពុជា ក្រោមប្រធានបទ “ស្តីពីរបៀប ផ្ទៀងផ្ទាត់ ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ”។
លើសពីនេះទៀតគណៈកម្មការ ក៏ត្រូវពិភាក្សាការងារសមភាគីចិន ដើម្បីពិនិត្យមើលពីវឌ្ឍនភាពការងារ ក្នុងការត្រៀមរៀបចំវេទិកាស្តីពី ធុរៈកិច្ចកម្ពុជា-ចិន ដែលគ្រោងធ្វើចុងឆ្នាំ២០២១នេះ តែដោយសារបញ្ហានៃការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ គឺគម្រោងការងារនេះនៅមិនទាន់ច្បាស់លាស់ ក៏ត្រូវពិនិត្យលទ្ធភាព ជាមួយភាគីចិន ថាតើអាចរៀបចំវេទិកា នេះបានដោយរបៀបណា។
នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំដល់មន្ទីរសម្របសម្រួលរាជធានីខេត្ត នៃក្រសួងព័ត៌មាន ធ្វើការណែនាំដល់មន្ទីរព័ត៌មានខេត្តរាជធានីផ្តល់មកនូវរាល់រូបភាពល្អៗ ប្រចាំសប្តាហ៍ និងអត្ថបទមកកាន់អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មាន កម្ពុជា AKP ដើម្បីចុះផ្សាយ ពិសេសរូបភាព សត្វកម្រ ដែលមាននៅក្នុងប្រទេសកម្ពុជា យកមកផ្សព្វផ្សាយអោយបានទូលំទូលាយ ជូនដល់សាធារណជន និងបរទេស អោយបានដឹងថា សត្វកម្រទាំងនេះ មាននៅក្នុងប្រទេសកម្ពុជា៕