ភ្នំពេញ ៖ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ មានប្រទេសចូលរួមសរុបចំនួន៧រួមទាំងម្ចាស់ផ្ទះ កម្ពុជា។ នេះជាការប្រកួតត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២នេះ។
ឯកឧត្តមអគ្គលេខាធិការបានអះអាងថា ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍នេះមាន៧ប្រទេសបានត្រៀមចូលរួមប្រកួត ក្នុងនោះមានដូចជាកីឡាករមកពីប្រទេសឥណ្ឌូណេស៊ី វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃជាដើម ដែលការចូលរួមរបស់បណ្តាប្រទេសទាំងនេះ គឺជាជោគជ័យក្នុងការរៀបចំប្រដាល់គុនខ្មែរអន្តរជាតិមួយនេះ ដើម្បីសម្រួចគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ឯកឧត្តមគូសបញ្ជាក់ទៀតថា «ការរៀបចំប្រកួតកីឡាប្រដាល់គុនខ្មែរ ជើងឯកអាស៊ីអាគ្នេយ៍ នៅក្នុងបុណ្យសមុទ្រនេះ គឺជាបុរេព្រឹត្តិការណ៍ (Pre-Sea Games) សម្រាប់ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ យើងក៏បានការរៀបចំការបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាល ចៅក្រម មុនពេលការប្រកួតផ្លូវការ។ មកដល់ថ្ងៃនេះ មានប្រតិភូកីឡាមួយចំនួនបានមកដល់ខេត្តព្រះសីហនុហើយ» ។
ក្រៅពីការប្រកួតប្រដាល់គុនខ្មែរ គណៈកម្មការរៀបចំកីឡា នៃពិធីបុណ្យសមុទ្រនេះ ក៏រៀបចំការប្រកួតកីឡាមួយចំនួនទៀត ដូចជា ការបង្ហាញកីឡាទូកក្តោង ការប្រកួតកីឡាបាល់បោះ ៣នាក់ទល់៣នាក់ ការរត់ប្រណាំង ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ការប្រណាំងកង់ ៤០គីឡូម៉ែត្រ ២០គីឡូម៉ែត្រ និងការជិះកង់កម្សាន្ត ១៥គីឡូម៉ែត្រ នៅតាមដងផ្លូវស្របតាមមាត់ឆ្នេរសមុទ្រដ៏ទាក់ទាញ ដើម្បីស្រូបទាញ់ឱ្យអ្នកចូលរួមនានាទទួលបានការសប្បាយរីករាយ ដើម្បីចូលរួមអបអរព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះឱ្យកាន់តែអធិកអធមបន្ថែមទៀត។បន្ថែមពីលើនេះ ឯកឧត្តម វ៉ាត់ ចំរើន បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមកម្សាន្តឱ្យបានច្រើនកុះករ និងចូលរួមក្នុងចលនាកីឡា ដើម្បីគាំទ្រដល់ពិធីបុណ្យសមុទ្រដ៏ធំនេះឱ្យកាន់តែទាក់ទាញ និងជោគជ័យ។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ពិធីបុណ្យសមុទ្រ លើកទី៩ ដែលគ្រោងនឹងដំណើរការពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ វិលមកដល់ជុំខេត្តព្រះសីហនុ ដោយភ្ជាប់មកជាមួយនឹងការធ្វើសន្និបាតក្លឹបឆ្នេរស្អាតជាងគេ នៅលើពិភពលោកផងដែរ។ បុណ្យសមុទ្រនឹងប្រារព្ធពិធីបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កម្មវិធីនេះបានត្រៀមរៀបចំដោយភាពហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានគណៈកម្មការអន្តរក្រសួង ដោយជំរុញឱ្យគណៈកម្មការរៀបចំឲ្យល្អប្រសើរ រួមទាំងបានដាក់បញ្ជូលនូវកម្មវិធីប្រកួតកីឡា ពិធីតាំងពិព័រណ៍ម្អូបអាហារ ទស្សនីយភាពកម្សាន្តសប្បាយៗជាច្រើនទៀតផងដែរ៕